នាយករដ្ឋមន្រ្តីនៃកម្ពុជានិងជាប្រធានអាស៊ាន បានអំពាវនាវឱ្យមានកិច្ចសន្ទនា និង ដំណោះស្រាយដោយសន្តិវិធី សម្រាប់បញ្ហារុស្ស៉ី និងអ៊ុយក្រែន។

ការអំពាវនាវរបស់ប្រធាន អាស៊ាននេះបានធ្វើឡើង នៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះខណៈដែលមានសេចក្តីរាយការណ៍ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសចេញនូវ «ប្រតិបត្តិការយោធា» ទៅកាន់ តំបន់ ដុនបាស (Donbass) ភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ពីរគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យនៅក្នុងនោះ។

រហូតមកដល់រសៀលថ្ងៃព្រហស្បតិ៍មានសេចក្តីរាយការណ៍ថា ស្ថានភាពប្រឈមមុខដាក់គ្នា រវាងរុស្ស៊ីនិងអ៊ុយក្រែនបានឈានដល់ការផ្ទុះអាវុធដែលកំពុងបង្កនូវក្តីបារម្ភអំពីការផ្ទុះឡើង នូវសង្គ្រាមទ្រង់ទ្រាយធំ៕

Share.