យោងតាមអ្នកវិទ្យាសាស្ត្រនៅចក្រភពអង់គ្លេសបានអះអាងថា វីរុសបំប្លែងថ្មីប្រភេទ Omicron នេះ អាចឆ្លងកាន់តែខ្លាំងតាមរយៈខ្យល់អាកាស មិនខុសពីវីរុសកូវីដ១៩ ទម្រង់ដើមឡើយ លើសពីនេះវាអាចធ្វើឲ្យមនុស្ស ៥ប្រភេទ មានហានិភ័យខ្ពស់។

ក្រុមប្រឹក្សាវិទ្យាសាស្ត្រសម្រាប់គ្រាអាសន្នហៅកាត់ថា (SAGE) បានឲ្យដឹងថា ពួកគេមានភស្ដុតាងដែលបញ្ជាក់ថា វីរុសនេះអាចចម្លងទៅកាន់មនុស្សដទៃតាមរយៈខ្យល់អាកាសបានលឿនបំផុត ខណៈដែលមន្រ្តីសុខាភិបាលជាន់ខ្ពស់ប្រទេសកាណាដា ក៏បញ្ជាក់ថា ការឆ្លងតាមខ្យល់គឺអាចទៅរួច។

អ្នកជំនាញបានលើកឡើងទៀតថា ទោះបីជាវីរុស Omicron មិនសូវធ្ងន់ធ្ងរជាង វីរុស Delta ប៉ុន្ដែវាជាមេរោគដ៏គ្រោះថ្នាក់ចំពោះក្រុមមនុស្សមួយចំនួនដូចជា៖ មនុស្សធាត់ អ្នកមានជំងឺលើសឈាម អ្នកមានជំងឺទឹកនោមផ្អែម អ្នកមានជាតិស្ករខ្ពស់ និង អ្នកមានជាតិកូលេស្ដេរ៉ុលខ្ពស់ ពួកគេទាំង ៥ប្រភេទ អាចប្រឈមនឹងការស្លាប់ ប្រសិនបើឆ្លងវីរុសទាំងនេះ។ ចំណែកក្រុមមនុស្សដែលងាយឆ្លង ហើយវីរុសនេះអាចវាយលុកធ្ងន់ធ្ងរមានដូចជា៖ អ្នកមានជំងឺប្រចាំកាយ អ្នកមានវ័យចំណាស់ ក្មេងក្រោម ៥ឆ្នាំដែលមិនទាន់មានវ៉ាក់សាំង និង អ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង ជាដើមនេះ បើយោងតាមលោកវេជ្ជបណ្ឌិត Josh Denson ជានាយកវេជ្ជសាស្ត្រនៅមណ្ឌលថែទាំធ្ងន់ធ្ងរ និង ជំងឺសួត នៅសហរដ្ឋអាមេរិក។ លោកបន្ដថា មេរោគនេះប៉ះពាល់សួតដល់ក្រុមមនុស្សទាំងនេះ ខ្លាំងជាងអ្នកដែលមានជំងឺរុំារ៉ៃផ្សេងទៀតដូចជា ជំងឺមហារីក និង អ្នកមានជំងឺសួតទៀតផង។

ដោយឡែកវេជ្ជបណ្ឌិតគ្រប់គ្រងការឆ្លងមេរោគនៅទីក្រុង Cleveland បានឲ្យដឹងថា​ ទោះបីជាវីរុសនេះឆ្លងលឿននិងរហ័ស ប៉ុន្ដែនៅឆ្លងចាញ់ជំងឺមួយទៀត គឺជំងឺកញ្រ្ជឹល។ ដូច្នេះលោកគិតថា Omicron ស្ថិតនៅលេខរៀងទី២ មិនទាន់ក្លាយជាវីរុសឆ្លងលឿនបំផុតនោះទេ ហើយលោកក៏បានព្រមានអំពីការមេរោគនេះឆ្លងលឿន និង មានហានិភ័យខ្ពស់ផងដែរ៕

Telegram-Troryorng
Share.