កំពូលតារាសម្ដែងហូលីវូដលោកស្រី អែនជេលីណា ចូលី (Angelina Jolie) បានបង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលនៅលើទឹកដីសុវណ្ណភូមិនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងបេសកកម្ម​បំពេញការងារ​​​ចូលរួម​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​នៃ​កម្មវិធី​ ចិញ្ចឹម​ឃ្មុំ​សម្រាប់​ស្ត្រី​ (Women for Bees) និងរមណីយដ្ឋាន​អង្គរ​ ​ដែល​ជា​កិច្ច​សហប្រតិបត្តិការ​ជាមួយ​​នឹង​អង្គការ​យូណេស្កូ​ ដោយ​មាន​ការ​សម្របសម្រួល​ពី​អាជ្ញាធរជាតិ​អប្សរា​។ យ៉ាងណាមិញ ថ្មីៗនេះលោកស្រីក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនជាលើកដំបូងក្នុងដំណើរមកកម្ពុជាលើកនេះ នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់លោកស្រីផងដែរ។

លោកស្រី អែនជេលីណា ចូលី (Angelina Jolie) បានសរសេរដែលមានខ្លឹមសារថា «រយៈពីរបីថ្ងៃនៅប្រទេសកម្ពុជាក្នុងចំណោមប្រជាជនក្នុងតំបន់ដ៏មានភាពកក់ក្តៅ ហើយខ្ញុំមានអារម្មណ៍ថាព្រលឹងរបស់ខ្ញុំបានធូរស្បើយវិញហើយ។ កម្ពុជាតែងតែជាប្រទេសពិសេសសម្រាប់ខ្ញុំ និងគ្រួសាររបស់យើង។ រីករាយដែលបានជួបជុំមិត្តភ័ក្តិ និងសហការីនៅមូលនិធិ MJP ស្រុកសំឡូត។ ក្រុមអ្នកស្រុកទាំងមូលបានដំណើរការកម្មវិធីសម្រាប់សុខភាព និងការអប់រំ និងការអភិរក្ស។ ខ្ញុំបានចំណាយពេលខ្លះជាមួយមន្ត្រីអនុរក្សព្រៃឈើ ពិភាក្សាអំពីការទន្ទ្រានដី ការបរបាញ់ និងការគូសផែនទីផ្លូវល្បាតផងដែរ»។

លោកស្រី អេនជេលីណា ជូលី (Angelina Jolie) បានមកធ្វើទស្សនៈកិច្ចនៅប្រទេសកម្ពុជា លើកដំបូងក្នុងឆ្នាំ២០០០ ពេលដែលគាត់ផលិតខ្សែភាពយន្តរឿង Tomb Raider។ លោកស្រីបានជាប់ចិត្តជាមួយសម្រស់នៃប្រទេសកម្ពុជា ភាពអត់ធន់រាក់ទាក់ និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា។ ១ឆ្នាំក្រោយមក គាត់បានត្រលប់មកវិញជាមួយនឹងកម្មវិធីរបស់ឧត្តមស្នងការជនភៀសខ្លួននៃអង្គកាសហប្រជាជាតិ (UNHCR) និងបានបង្កើត​ មូលនិធិ​អេមចេភី (MJP)នៅក្នុងឆ្នាំ២០០៣ ក្នុងរូបភាពជាកម្មវិធីអភិរក្ស និងអភិវឌ្ឍន៏​សហគមន៍ នៅក្នុងតំបន់​ការពារ​សំឡូត​ ខេត្តបាត់ដំបង។

គោលបំណង​របស់​លោកស្រី ​អែនជេលីណា ចូលី គឺ​ផ្តល់ការ​គាំទ្រ​ដល់​ភូមិ​នានា​នៅ​តាម​ជនបទ ថែរក្សាការពារព្រៃឈើ និងសត្វព្រៃដែលកំពុងរងការគំរាមកំហែង។ ការងារ​ជា​ដំបូង​របស់​លោកស្រី​គឺ​ចូល​រួម​បោសសំអាត​គ្រាប់មីន​ និង​យុទ្ធភ័ណ្ឌ​មិន​ទាន់ផ្ទុះ​ចេញ​ពី​តំបន់​ជនបទ​នៃ​ស្រុក​សំឡូត ដែល​ជាតំបន់​មួយ​ធ្លាប់​មាន​ជម្លោះ​ប្រដាប់​អាវុធ​យូរជាងគេក្នុងប្រទេស។ ក្នុងឆ្នាំ២០០៦ មូលនិធិ​អេមចេភី (MJP) បានពង្រីកកម្មវិធីរបស់ខ្លួន ដោយដាក់បញ្ចូលគម្រោងគាំទ្រវិស័យកសិកម្ម អប់រំ សុខាភិបាល​ និងកិច្ចពង្រឹងអំណាចស្ត្រី៕

អាន៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រកាសបន្តកិច្ចសហការនិងគាំទ្រចំពោះគំរោងអភិរក្សដែលផ្ដួចផ្ដើមដោយលោកស្រី Angelina Jolie!

Telegram-Troryorng
Share.