បើតាមការចេញផ្សាយរបស់សារព័ត៌មាន Mailonline នៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន បានព្រមានថា ជនជាតិរុស្ស៊ីមានបំណងចង់កាន់កាប់ទីរដ្ឋធានីកៀវនាយប់ថ្ងៃសុក្រនេះ (ម៉ោងនៅអ៊ុយក្រែន) ដោយជំរុញឱ្យជនរួមជាតិរបស់លោកទប់ទល់នឹងការវាយលុករបស់ទាហានរុស្ស៊ី ខណៈមន្ត្រីលោកខាងលិចនិយាយថា ទីក្រុងនេះទំនងជាបានឡោមព័ទ្ធ។

លោក Volodymyr Zelensky បានថ្លែងទៅកាន់ប្រជាជាតិពីទីតាំងសម្ងាត់មួយក្នុងរដ្ឋធានី ដោយមានការព្រមានយ៉ាងធ្ងន់ៗ និងអំពាវនាវឱ្យប្រជាជនក្រោកតស៊ូនៅយប់ថ្ងៃសុក្រកន្លងទៅនេះ។ លោកបាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «រុស្ស៊ីនឹងព្យាយាមបំបែកការតស៊ូរបស់យើងឱ្យអស់ពីកម្លាំងរបស់គេ» ។

លោកបានបន្តទៀតថា «នៅយប់នេះសត្រូវនឹងចាប់ផ្តើមវាយលុកយើង។ យើងត្រូវតែស៊ូតតាំងនឹងពួកគេ»។ លោក Zelensky បានគូសបញ្ជាក់ថា តំបន់ Chernihiv, Symy, Kharkiv, Donbas និងភាគខាងត្បូងគឺស្ថិតក្រោមវាយប្រហារផងដែរ។ លោក Zelensky បានអះអាងថា មានទាហានរុស្ស៊ី៣៥០០នាក់បានបាត់បង់ជីវិត។

យ៉ាងណាមិញ នៅលើបណ្ដាញសង្គមតេឡេក្រាម គេបានឃើញរូបភាពរបស់លោក ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ចូលសមរភូមិដោយផ្ទាល់ដើម្បីការពាររដ្ឋធានីកៀវ។ ភាពអង់អាចរបស់លោក ត្រូវបានអ្នកលេងបណ្ដាញសង្គមកោតសរសើរ និងបួងសួងឱ្យលោកតស៊ូដោយជ័យជំនះ បើទោះបីជាស្ថានភាពនៅរដ្ឋធានីកៀវកំពុងតែលំបាក៕

Telegram-Troryorng
Share.