ក្រុម​បាល់ទាត់​ភ្នំពេញក្រោន បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​បាល់ទាត់ Cambodian Super Cup 2022 ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Cambodian Premier League ក្រោយ​យក​ឈ្នះ​លើ​ក្រុម​វិសាខា ដោយ​លទ្ធផល ២ទល់១ លើ​ទីលាន​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ នៅ​រាត្រី​ថ្ងៃ​អង្គារ ទី​១ ខែ​មីនា ឆ្នាំ​២០២២ នេះ។

ភ្លាមៗនោះអ្នកគាំទ្រវិសាខាម្នាក់មិនបញ្ចេញឈ្មោះបានលើកឡើងថា៖«កីឡាមានចាញ់មានឈ្នះជារឿងធម្មតាទេ តែសុំផ្តាំទៅកីឡាករវិសាខាផងអោយតម្លៃអ្នកគាំទ្រផង ពួកយើងទៅ Cheer គ្មានបានប្រាក់ខែទេឈរស្រែកចង់ដាច់បំពង់ក លេងចប់គ្រាន់តែមកអរគុណបន្តិចក៏គ្មានដែរ មិនមែនម្តងទេច្រើនដងហើយ។ ពួកយើងមកនេះដើម្បីចង់ឃើញ ការប្រកួតប្រជែងមួយដែលល្អប្រសើឡើង មិនមែនលទ្ធផលបែបនិង ហើយចរិកកីឡាករបែបនិងទេ, កុំដោយសារតែជំងឺតួឯករបស់អ្នក ធ្វើអោយបាត់បង់អ្នកគាំទ្រក្លិបពិតប្រាកដ, ពួកអ្នកបើអត់មានប្រាក់ខែមកលេងបាល់អោយវិសាខាទេ? (គ្មានទេ) ហើយតិចច្រលំពួកខ្ញុំមានប្រាក់ខែដូចអ្នកទៅ ពួកយើងនិយាយនេះដើម្បីក្លិបព្រោះថ្នាក់ដឹកនាំលះបង់ច្រើនណាស់ ចុងក្រោយលទ្ធផល និងការប្រកួតប្រជែងមិនទៅមុខសោះ!»។

លោក មាស ចាន់ណា អ្នកចាត់ការទូទៅក្លិបបាល់ទាត់ វិសាខា ក៏បានបង្ហោះសារសំុទោសជាសាធារណៈទៅកាន់អ្នកគាំទ្រដូច្នេះថា៖«ក្នុងនាមជាអ្នកចាត់ការទូទៅ និង តំណាងអោយកីឡាករក្លិបបាល់ទាត់ វិសាខាទាំងអស់ ខ្ញុំសូមអភ័យទោសដល់អ្នកគាំទ្រទាំងអស់ចំពោះការឆ្គាំឆ្គងកាលពីប្រកួតម្សិលមិញ ហើយយើងខ្ញុំនឹងប្តេជ្ញាមិនអោយមានទង្វើបែបនេះម្តងទៀតឡើយ»៕

Telegram-Troryorng
Share.