បណ្ដា៣១ប្រទេសជាសមាជិករបស់ទីភ្នាក់ងារថាមពលអន្តរជាតិ បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារនេះ ដើម្បីបញ្ចេញប្រេងចំនួន ៦០លានបារ៉ែលពីទុនបម្រុងយុទ្ធសាស្ត្ររបស់ពួកគេ។

ពាក់កណ្តាលនៃចំនួននោះប្រេងដែលគ្រោងបញ្ចេញនោះគឺបានមកពីសហរដ្ឋអាមេរិក ដើម្បីជាសារដ៏រឹងមាំផ្ញើទៅកាន់ទីផ្សារប្រេងពិភពលោក ក្នុងការទទួលបានការផ្គត់ផ្គង់នឹងមិន​បាន​ធ្លាក់​ចុះ​ ក្រោយ​ការឈ្លាន​ពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ។

ក្រុមប្រឹក្សាភិបាលនៃ IEA ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានធ្វើការសម្រេចចិត្តនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃរដ្ឋមន្ត្រីថាមពលដែលដឹកនាំដោយរដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក Jennifer Granholm ។ លោកស្រីបានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក ចូ បាយ​ដិ​ន  បានយល់ព្រមលើការប្តេជ្ញាចិត្តចំនួន ៣០លានបារ៉ែល ហើយថាសហរដ្ឋអាមេរិកនឹងត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការបន្ថែមប្រសិនបើចាំបាច់។

រដ្ឋមន្ត្រីថាមពលរបស់សហរដ្ឋអាមេរិករូបនេះក៏បានលើកឡើងដែរថា«ការសម្រេចចិត្តរបស់ប្រទេសសមាជិកគឺការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់យើងក្នុងការដោះស្រាយចំពោះការរំខានទីផ្សារប្រង និងការផ្គត់ផ្គង់ដែលទាក់ទងនឹងសង្រ្គាមរបស់ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន មកលើអ៊ុយក្រែន»។

យ៉ាងណាមិញ រុស្សី បានដើរតួនាទីយ៉ាងធំនៅក្នុងទីផ្សារថាមពលពិភពលោក ជាអ្នកផលិតប្រេងធំជាងគេលំដាប់ទីបីនៅលើពិភពលោកនេះ។ ដោយឡែកការនាំចេញប្រេងឆៅ ៥លានបារ៉ែលក្នុងមួយថ្ងៃ គឺស្មើនឹង ១២% នៃពាណិជ្ជកម្មប្រេងពិភពលោក ក្នុងនោះ ៦០% ទៅអឺរ៉ុប និង ២០% ទៅចិន៕

ប្រភព៖ AP

Telegram-Troryorng
Share.