សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះឱ្យដឹងថា បុរសជនជាតិជប៉ុនប្រហែល ៧០នាក់ បានឆ្លើយតបនឹងការអំពាវនាវរបស់អ៊ុយក្រែនក្នុងការស្ម័គ្រចិត្តចូលសមរភូមិជាអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីម៉ាហ្សេឡេនស្គី ធ្លាប់បានធ្វើការអំពាវនាវកាលពីថ្ងៃអាទិត្យដល់ “កងពលទាហានស្ម័គ្រចិត្តអន្តរជាតិ” ដោយជំរុញឱ្យទ័ពស្ម័គ្រពីសហរដ្ឋអាមេរិកនិងកាណាដាមកចូលរួមជាមួយ និងសម្រាប់​ជនបរទេស​ដែលស្ម័គ្រចិត្តចូលរួមការពារទឹកដីអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី។ មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានធ្លាប់បានប្រកាសថា នឹងលើកលែង ទិដ្ឋាការជាបណ្ដោះអាសន្ន ចំពោះជនបរទេសទាំងឡាយណាដែលស្ម័គ្រចិត្ត ឬចង់ចូលរួមជាមួយកងទ័ពអ៊ុយក្រែន។ ការសម្រេចចិត្តភ្លាមៗនេះនឹងត្រូវចូលជាធរមានតែម្ដង ប៉ុន្ដែត្រូវបានបិទមិនអនុវត្តចំពោះអ្នកដែលមានសញ្ជាតិរុស្ស៊ី។

យ៉ាងណាមិញ កាសែតជប៉ុន Mainichi Shimbun បានចេញផ្សាយឱ្យដឹងដែរថា គិតត្រឹមថ្ងៃពុធនេះ បុរសជនជាតិជប៉ុន ៧០ នាក់ រួមទាំងអតីតសមាជិក ៥០នាក់នៃកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន និងអតីតយុទ្ធជន២នាក់នៃកងពលធំបរទេសបារាំង បានដាក់ពាក្យសុំធ្វើជាកងពលស្ម័គ្រចិត្តអន្តរជាតិ។ ដោយឡែកស្ថាន​ទូត​អ៊ុយក្រែនប្រចាំប្រទេសជប៉ុនបានលើកឡើងថា ខ្លួនកំពុងស្វែងរកកងពងស្ម័គ្រចិត្តដែលមានបទពិសោធន៍ផ្នែកវេជ្ជសាស្រ្ត បច្ចេកវិទ្យាព័ត៌មាន ការទំនាក់ទំនង និងបទពិសោធន៍ពន្លត់អគ្គីភ័យ ក្នុងការជួយដល់អ៊ុយក្រែន។

ទោះជាយ៉ាងណាក្ដី នៅមិនទាន់មានសេចក្ដីប្រកាសណាដែលអះអាងថា កងពលទាហានស្ម័គ្រចិត្តអន្តរជាតិនៃជនជាតិជប៉ុនទាំង៧០នាក់ នឹងធ្វើដំណើរទៅអ៊ុយក្រែននៅពេលណានោះទេ៕

Telegram-Troryorng
Share.