ក្រោយពីបានឃើញទង្វើរបស់លោកគ្រូមហាជ័យ ធ្វើពិធីតូចមួយនៅមុខរូបចម្លាក់ព្រះម៉ែនាគ ដែលជាបង្កាន់ដៃស្ថិតក្នុងបរិវេណប្រាសាទអង្គរវត្ត ស្រាប់តែនាយពាក់មី តារាកំប្លែងល្បីប្រចាំទូរទស្សន៍ CTN បានចេញមុខប្រតិកម្មនឹងទង្វើខាងលើនេះភ្លាមៗ។
អ្នកតាមដានបណ្ដាញសង្គមប្រហែលជាស្គាល់ឈ្មោះគ្រូមហាជ័យ ដែលជាគ្រូម្នាក់បានអះអាងថាខ្លួនមានបារមីកាន់ មានមហិទ្ធិរិទ្ធិខ្លាំងពូកែអាចហៅខ្យល់ ហៅភ្លៀង បានតាមចិត្ត ដោយលោកគ្រូរូបនេះថែមទាំងធ្លាប់អះអាងថាខ្លួនខ្លាំងអស្ចារ្យ អាចសុំទឹកភ្លៀង ឱ្យភ្លៀងធ្លាក់ជោគជាំ និង មានផ្គររន្ទះ ផងដែរ។
ថ្មីៗនេះគ្រូមហាជ័យបានធ្វើពិធីមួយនៅមុខចម្លាក់ព្រះម៉ែនាគដែលជាបង្កាន់ដៃស្ថិតក្នុងបរិវេណប្រាសាទអង្គរវត្ត ដោយក្នុងពេលនោះគ្រូមហាជ័យបាននិយាយថា បារមីព្រះម៉ែនាគចូលសណ្ឋិតរូបគាត់ ដែលសកម្មភាពនេះបានធ្វើឱ្យមហាជនមិនពេញចិត្តជាខ្លាំង ព្រោះទង្វើបញ្ជាន់រូបរបស់លោកនៅមុខប្រាសាទជាទីសក្ការៈនិងជាមរតកជាតិនេះ គឺជាទង្វើមិនគួរគប្បី មិនសមយកមកលេងសើចយ៉ាងដូច្នេះឡើយ។
ក្នុងចំណោមមហាជនដែលសម្ដែងអារម្មណ៍មិនពេញចិត្តចំពោះសកម្មភាពរបស់គ្រូមហាជ័យខាងលើនេះ ក៏មានសិល្បករកំប្លែងនាយពែកមី ក៏បានចេញមកបញ្ចេញមតិដែរថា «ប្រាសាទអង្គរវត្តគឺជាទីតាំងមានបារមីធំធេងណាស់ មិនតែប៉ុណ្ណោះប្រាសាទអង្គរវត្តគឺជាដួងព្រលឹងរបស់ជាតិ ជាទីដែលប្រជាជនខ្មែរនិងជនបរទេសឱ្យតម្លៃខ្ពស់ មិនមែនចេះតែមករៀបចំរណ្ដាប់បន្តិចបន្តួចមិនត្រូវតាមក្បួនខ្នាត ហើយមកស្រែកប្រកាសក្ដែងៗថាព្រះម៉ែនាគចូលសណ្ឋិតខ្លួនបានឡើយ ទង្វើនេះពិតជាប៉ះពាល់ធ្ងន់ណាស់។»
ប្រភព៖ Peakmi