យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែមីនា នេះបានឱ្យដឹងថា ការឈ្លានពានរបស់ទាហានរុស្ស៊ីមកលើអ៊ុយក្រែននៅតែបន្ត និងមានការប្រមានសង្គ្រាមលោកលើកទី៣ដោយលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន ហេតុនេះហើយបណ្ដាលឱ្យប្រជាជនជាច្រើននៅប្រទេសអឺរ៉ុប មានការភ័យខ្លាច និងសម្រុកទិញថ្នាំអ៊ីយ៉ូត (iodine) ដែលត្រូវបានគេជឿថា ជាឱសថដែលអាចការពារសុខភាពពីសារធាតុវិទ្យុសកម្ម។

មានសេចក្ដីរាយការណ៍មួយដែលលើកឡើងថា ប្រជាជនអឺរ៉ុបបើរាប់ចាប់ប៉ូឡូញ រហូតដល់ប៊ុលហ្ការី កំពុងរៀបចំលិខិតឆ្លងដែន ត្រៀមយានជំនិះដោយចាក់សាំងពេញៗ ដើម្បីត្រៀមភៀសខ្លួនគ្រប់ពេលវេលាក្នុងករណីមានគ្រោះអាសន្នកើតឡើង។

លោក Nikolay Kostov ជាប្រធានក្រុមឱសថម្នាក់ក្នុងប្រទេសប៊ុលហ្ការី បានបញ្ជាក់ដូច្នេះថា «នៅក្នុងរយៈពេល ៦ថ្ងៃមកនេះ ឱសថស្ថាននានានៅក្នុងប្រទេសប៊ុលហ្ការី បានលក់ដាច់អស់នូវថ្នាំអ៊ីយ៉ូត (iodine) ដែលពួកគេទុកសម្រាប់លក់រយៈពេលមួយឆ្នាំ។ ចំណែកឯឱសថស្ថានមួយចំនួនទៀត ក៏បានលក់ថ្នាំប្រភេទនេះអស់ពីស្ដុកផងដែរ ហើយយើងបានបញ្ជាទិញថ្នាំ iodine បន្ថែម ប៉ុន្តែខ្ញុំបារម្ភខា្លចថាវាមិនគ្រប់គ្រាន់»។ នៅក្នុងប្រទេសប៉ូឡូញ និងសាធារណៈរដ្ឋឆែក ក៏មានការកើនឡើងនៃការបញ្ជារទិញឱសថមួយប្រភេទនេះដើម្បីការពារសាធាតុវិទ្យុសកម្មផងដែរ។

យ៉ាងណាមិញ ឱសថ IODURE DE POTASSIUM 65 mg ត្រូវបានណែនាំឱ្យប្រើក្នុងការទប់ទល់ការបង្កមហារីកនៃការចម្លងរោគនៃក្រពេញទីរ៉ូអ៊ីត និងអ៊ីយ៉ូតវិទ្យុសកម្ម។ ថ្នាំនេះមានបរិមាណអ៊ីយ៉ូតច្រើន។ វាជួយការស្រូបការពារក្រពេញទីរ៉ូអ៊ីត ដែលឆ្អែតជាមួយនឹងអ៊ីយ៉ូត និងការពារវិទ្យុសកម្មដែលមានក្នុងបរិយាកាស ថែមទាំងជួយស្រូបយក និងការពារសារធាតុវិទ្យុសកម្មក្នុងអំឡុងពេលគ្រោះថ្នាក់ដោយសារនុយក្លេអ៊ែរ។ ថ្នាំនេះត្រូវបានណែនាំឱ្យប្រើចំពោះក្មេងអាយុលើសពី១២ឆ្នាំ ទោដល់មនុស្សពេញវ័យក្រោម ៤០ឆ្នាំ ប៉ុន្ដែត្រូវបានហាមប្រើចំពោះស្ដ្រីមានផ្ទៃពោះ និងបំបៅដោះកូន៕

ប្រភព៖ Reuters

Telegram-Troryorng
Share.