សារព័ត៌មានថៃនៅថ្ងៃទី៣ ខែមីនា នេះបានឱ្យដឹងថា នៅក្នុងថ្ងៃនេះមានប្រជាជនថៃចំនួន ៤០នាក់បន្ថែមទៀត បានភៀសខ្លួនពីអ៊ុយក្រែនវិលត្រឡប់ទៅប្រទេសកំណើតវិញ និងខ្លះទៀតភៀសទៅកាន់ប្រទេសក្បែរខាងនៅតំបន់អឺរ៉ុបដែលមានសុវត្ថិភាពជាងអ៊ុយក្រែន។

រហូតមកដល់ពេលនេះ មានជនជាតិថៃចំនួន ២០៣នាក់ បានចាកចេញពីប្រទេសអ៊ុយក្រែនតាមជើងយន្ដហោះ រថភ្លើងច្រើនជាងការធ្វើដំណើរតាមរថយន្ដដែលមានការកកស្ទះខ្លាំង និងប្រឈមជាមួយគ្រោះថ្នាក់នៃសង្គ្រាម។ ទោះជាយ៉ាងក្ដី នៅក្នុងនោះក៏មាន ជនជាតិថៃ ៣១នាក់បានបង្ហាញគោលជំហរស្ម័គ្រចិត្តស្នាក់នៅប្រទេសអ៊ុយក្រែនដដែល ដោយសារតែពួកគេគ្រួសារនៅទីនោះទៅហើយ។

យ៉ាងណាមិញ មួយសប្ដាហ៍​នៃ​សង្គ្រាម ​តាមបណ្ដា​ព្រំដែន​របស់​បណ្ដា​ប្រទេស​ផ្សេងៗ ពលរដ្ឋ​អ៊ុយ​ក្រែ​ន​យ៉ាង​ច្រើន​កកកុញ​បាន​កំពុង​ព្យាយាម​រត់​ភៀសខ្លួន។ ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​រាប់​ពាន់​នាក់​បាន​សម្រុក​ទៅកាន់​ស្ថានីយ​រថភ្លើង Dnipro ខណៈ​ពួកគេ​ព្យាយាម​ឡើង​ជិះ​រថភ្លើង​ចាក​ចេញពី​ទីក្រុង​នេះ និង​ភៀសខ្លួន​ចេញពី​ការឈ្លានពាន​របស់​រុស្ស៊ី​។​ ​ពលរដ្ឋ​ភាគច្រើន​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង Lviv ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​អ្នក​ខ្លះ​ទៀត​ភៀសខ្លួន​ចូល​ទៅ​កាន់​អឺរ៉ុប​ដោយមាន​វ៉ា​លី​សំលៀកបំពាក់ ​និង​បង្ហាញ​ក្ដី​សង្ឃឹមថា​នឹង​មាន​សុវត្ថិភាព​។

ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ​ជនភៀសខ្លួន១លាននាក់ បាន​ភៀស​ខ្លួនចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃ ការឈ្លានពានរបស់រុស្ស៊ី កាលពីមួយសប្តាហ៍មុន៕

ប្រភព៖ Thaipbs

Telegram-Troryorng
Share.