ក្លិប​បាល់ទាត់​បឹងកេត បាន​ចុះ​បញ្ជី​កីឡាករ​បរទេស​​ទី៥​របស់​ខ្លួន មក​ពី​ទ្វីប​អឺរ៉ុប គឺ​ជា​អតីត​សមាជិក​ក្លិប HIFK Fotboll នៅ​លីគ​កំពូល​នៃ​ប្រទេស​ហ្វាំងឡង់ ដើម្បី​ត្រៀម​​ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022។

កីឡាករ​រូប​នោះ​មាន​ឈ្មោះ​ថា Sakari Tukiainen មាន​វ័យ​៣០ឆ្នាំ មាន​កម្ពស់ ១,៩០ម៉ែត្រ លេង​ជា​ខ្សែ​ប្រយុទ្ធ ដោយ​ចូលរួម​ជាមួយ​ក្រុម HIFK ចន្លោះ​ឆ្នាំ​២០១៩ ដល់​២០២១។ នេះ​ជា​លើក​ដំបូង​របស់​រូប​គេ ដែល​ធ្វើ​ដំណើរ​មក​កាន់​ទ្វីប​អាស៊ី ដោយ​ឆ្ពោះ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​កន្លង​មក​រូប​គេ​ធ្លាប់​ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​អេស្តូនី និង​​ដាណឺម៉ាក ផង​ដែរ។

កីឡាករ Sakari Tukiainen ពាក់​អាវ​លេខ​៤៤ ស្ថិត​ក្នុង​បញ្ជី​កីឡាករ​បម្រុង​ អំឡុង​ពេល​ដែល​​ក្រុម​បឹងកេត យក​ឈ្នះ​លើ​ក្រុម​ណាហ្គាវើល ដោយ​លទ្ធផល ៣-១ ក្នុង​ប្រកួត​បើក​រដូវកាល​ឆ្នាំ​២០២២ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​៥ មីនា នេះ។

​ងាក​មក​មើល​បញ្ជី​ឈ្មោះ​កីឡាករ​បរទេស​ទាំង​៥​រូប​របស់​បឹងកេត ដែល​លោក​គ្រូ​បង្វឹក គឹម ភក្តី ត្រៀម​រដូវកាល​ថ្មី​នេះ​មាន Mustafa Zazai ជនជាតិ​អាហ្វហ្គានីស្ថាន Alexandre Cardoso ជនជាតិ​ប្រេស៊ីល Sakari Tukiainenជនជាតិ​ហ្វាំងឡង់ Ajayi Opeyemi Korede ជនជាតិ​នីហ្សេរីយ៉ា Taher Jahanbakhsh ជនជាតិ​អ៊ីរ៉ង់៕

Telegram-Troryorng
Share.