ភ្នំពេញ៖ បើតាមប្រភពព័ត៌មាន ពីអាជីវករលក់ដូរផ្លែឈើ នៅផ្សារនាគមាស បានឲ្យដឹងថា មូលហេតុដែលខ្លួន ផ្ទុះការតវ៉ាយកផ្លែចេកផ្លែស្វាយ គប់ពេញផ្លូវបណ្ដាលឱ្យកកស្ទះចរាចរណ៍ និងបិទផ្លូវបែបនេះ ដោយសារតែអាជ្ញាធរខណ្ឌទួលគោក បានចុះមកចាប់យកអីវ៉ាន់ ផ្លែឈើរបស់ពួកគាត់ ដែលដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ ដោយចោតថា បណ្ដាលឲ្យកកស្ទះចរាចរណ៍ បាត់បង់សណ្ដាប់ធ្នាប់សាធារណៈ តាមបណ្ដោយផ្លូវម៉ៅសេទុង។

ក្រុមអ្នកតវ៉ា បានឲ្យដឹងថា ការចាប់ គឺយកតែផ្លែឈើល្អៗថ្លៃៗ មានដូចជាម៉ាក់ប្រេង ម៉ាក់ប្រាំង សាវម៉ាវ មង្ឃុត ល្មុត សេដា ចំពោះផ្លែឈើមិនសូវមានតម្លៃ ដូចជាចេកស្វាយ អាជ្ញាធរមិនបានចាប់រឹបអូសយកនោះទេ។ 

ទើបពួកគាត់ខឹងសម្បារ គប់ផ្លែចេកនិងស្វាយ ចោលពេញផ្លូវបែបនេះ។ ហើយប្រភពដដែលបានបន្តទៀតថា កន្លងមកអាជ្ញាធរ មានប្រជាការពារខណ្ឌ  បានបិទកំណាត់ផ្លូវម៉ៅសេទុង មិនឱ្យប្រជាពលរដ្ឋ ចូលទិញផ្លែឈើរបស់ពួកគាត់ទេ  បើនរណាហ៊ានបំពានចូលទិញ នឹងត្រូវចាប់យកម៉ូតូនិងរថយន្ដ យកទៅរក្សាទុក នៅសាលាខណ្ឌទួលគោក។ ពួកគាត់សំណូមពរទៅកាន់អាជ្ញាធរខណ្ឌទួលគោក ក៏ដូចជាសាលារាជធានីភ្នំពេញ បើសិនជាចង់ឲ្យ ពួកគាត់រើចេញពីទីតាំងកន្លែងចាស់ ទៅលក់ដូរកន្លែងថ្មី មេត្តារៀបចំកន្លែងដែលមានរបៀបរៀបរយ នោះពួកគាត់នឹងព្រមទៅលក់ដូរទាំងអស់គ្នា ដោយមិនបង្កការរំខាន ដល់អាជ្ញាធរទៀតនោះទេ។

ហេតុការណ៍ផ្ទុះការតវ៉ា បង្កការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីម៉ោង 10:40 នាទីយប់ថ្ងៃទី 6 ខែមីនា ឆ្នាំ 2022 តាមបណ្ដោយផ្លូវម៉ៅសេទុង កែងជាមួយនឹងផ្លូវលេខ 234។

កន្លងមក ឯកឧត្តម ជា ពិសី ក្នុងនាមជាគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះរៀបចំសណ្ដាប់ធ្នាប់ តាមបណ្ដាផ្សារនិងផ្លូវនានា ក្នុងខណ្ឌទួលគោក ជាពិសេសគឺផ្សារនាគមាស ត្រង់កំណាត់ផ្លូវម៉ៅសេទុង កែងជាមួយផ្លូវលេខ 234 នេះ ដោយចុះអប់រំអាជីវករ រហូតដល់ប្រើធម៍ក្ដៅ ដោយចាប់រឹបអូសផ្លែឈើ នឹងសម្ភារៈលក់ដូរមួយចំនួន  ទើបក្រុមអាជីវករខឹងសម្បារ ផ្ទុះការតវ៉ាបែបនេះតែម្ដង។

ចំពោះការតវ៉ានេះ ក្រុមអាជីវករមិនទាន់ដឹងថា ខាងអាជ្ញាធរមានចំណាត់ការ បែបណាបន្ដទៀតនោះទេ។ ដោយរងចាំមើល បើមានចំណាត់ការ ដែលខ្លួនអាចទទួលយកបាន នោះក្រុមអាជីវករនឹងមិនតវ៉ាទៀតទេ៕

Share.