កូរ៉េ​ខាង​ត្បូង​ – ផលិតកម្ម​ 9ato Entertainment ដែលគ្រប់គ្រង​លើ​តារា​សម្ដែង​រូប​ស្រស់​ Han So Hee ​បាន​ចេញ​​លិខិត​ប្រកាស​ថា​តារា​សម្ដែង​របស់​ខ្លួន​រូប​នេះ​នឹង​មិនចេញ​មុខ​សង​បំណុល​ជួស​ម្ដាយ​របស់​ខ្លួន​ឡើយ​។

​ថ្មី​ៗ​នេះ​ ​មាន​លេច​ឮ​ដំណឹង​ថា​ម្ដាយ​របស់​ Han So Hee ត្រូវ​បាន​ប្ដឹង​​ពាក់​ព័ន្ធ​នឹង​ករណី​បោកប្រាស់​​ ប៉ុន្តែ​កូន​ស្រី​​ដែល​ជា​តារា​សម្ដែង​ល្បី​នឹង​មិនលូកដៃ​ចូល​ទៅ​ក្នុង​បញ្ហា​នេះ​នោះ​ឡើយ​។ ខាង​ក្រោ​ម​នេះ​គឺ​ជា​លិខិត​ដែល​ផលិតកម្ម​របស់​កញ្ញា​បាន​ចេញ​មក​ប្រកាស​៖

«​ជំរាបសួរ​ នេះ​គឺ​ផលិតកម្ម​ 9ato Entertainment យើង​សរសេរ​លិខិត​នេះ​ដើម្បី​ពន្យល់​ពី​បញ្ហា​​ម្ដាយ​របស់​​តារាសម្ដែង​ Han So Hwee។ ម្ដាយ​​តារា​រូប​នេះ​គឺ​លោក​ស្រី​ Shin បាន​ប្រើឈ្មោះ​គណនី​ធនាគារ​ដាក់​ឈ្មោះ​​កូន​ស្រី​​ហើយ​ដំណើរ​ការ​ខ្ចី​លុយ​។ គណនី​នេះ​បង្កើត​ឡើង​តាំង​ពី​ Han So Hee នៅ​ក្មេង​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​កូន​ស្រី​ឡើយ​ មួយ​វិញ​ទៀត​លោក​ស្រី​ Shin បាន​ប្រើ​ឈ្មោះ​គណនី​នេះ​ទៅ​ខ្ចី​បំណុល​ដោយ​មិន​បាន​ឱ្យ​កូន​ស្រី​ដឹង​។

នេះ​មិន​មែន​ជា​ករណី​លើក​ទីមួយ​ឡើយ​ដែល​កើត​ឡើង​ព្រោះ​កន្លង​មក​ក៏​ធ្លាប់​មាន​ករណី​ស្រដៀង​នេះ​កើត​ឡើង​ដែរ​ ប៉ុន្តែ​ករណី​ទាំង​អស់​នេះ​ត្រូវ​បាន​តុលាការ​បញ្ចាក់​ថា​រឿងរ៉ាវ​ទាំង​អស់​មិន​ពាក់ព័ន្ធ​នឹង​តារា​ស្រី​រូប​នេះ​ឡើយ​។ យោង​តាម​តុលាការ​ Ulsan បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៨ មេសា ឆ្នាំ​២០២១ ជនជាប់​ចោទ​បាន​ប្រើ​ឈ្មោះ​ Han So Hwee ប៉ុន្តែ​មិនមាន​ភស្ដុតាង​ណា​មួយ​ច្បាស់​លាស់​ឬ​មាន​ទម្ងន់​គ្រប់​គ្រាន់​អាច​បញ្ជាក់​ថា​តារា​ស្រី​រូប​នេះ​បាន​ដឹង​ឬ​ត្រូវ​ទទួល​ខុស​ត្រូវ​សង​បំណុល​ជាមួយ​នឹង​ជនជាប់​ចោទ​។

តាំង​នាម​ឱ្យ​ផលិតក​ម្ម​ដែល​គ្រប់គ្រង​លើ​តារា​ស្រី​ Han So Hwee ផលិតកម្ម​សុំ​អភ័យ​ទោស​​ដែល​បង្ក​ឱ្យ​មាន​ការ​បារម្ភ​ចំពោះ​ជីវិត​​ឯកជន​របស់​តារា​ស្រី​របស់​ខ្លួន​ ម្យ៉ាង​ទៀត​ការ​ដែល​ផលិតកម្ម​ចេញ​មក​ទម្លាយ​ភស្ដុតាង​និង​ពន្យល់​ចំពោះ​រឿង​នេះ​ព្រោះ​មិន​ចង់​ឱ្យ​មាន​ជន​រងគ្រោះ​បន្ត​ទៀត​នា​ពេល​អនាគត​។

បន្ថែម​លើស​ពី​នេះ​ទៀត​ Han So Hwee គ្មាន​ផែនការ​ចេញ​ប្រាក់​សង​បំណុល​ជួស​ម្ដាយ​របស់​ខ្លួន​ឡើយ​ ដោយ​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​កុំ​​ឱ្យ​ម្ដាយ​របស់​ខ្លួន​ប្រើប្រាស់​ឈ្មោះ​កូន​ស្រី​ទៅ​ខ្ចី​បំណុល​ថែម​ទៀត​​នា​ថ្ងៃ​អនាគត​ ជា​ពិសេស​គឺ​ការពារ​កុំ​ឱ្យ​ក្រុមហ៊ុន​ក្រៅ​ប្រព័ន្ធ​ច្បាប់​ព្យាយាម​គំរាមកំហែង​ម្ដាយ​កញ្ញា​ ដោយសារ​តែ​មាន​កូន​ស្រី​ជា​តារា​សម្ដែង​ល្បី​។

​«ជា​ការ​ពិត​ណាស់​ ម្ដាយ​​និង​កូន មិនមែន​ជា​រឿង​ងាយ​ឡើយ​ចង់​កាត់ផ្ដាច់​ទំនាក់ទំនងនោះ​។ យើង​ខ្ញុំ​សូម​ទោស​ចំពោះ​ជន​រងគ្រោះ​ទាំង​អស់​ ប៉ុន្តែ​ការ​ដែល​យើង​ចេញ​មក​បង្ហាញ​គោល​ជំហរ​បែប​នេះ​ ព្រោះ​យើង​សង្ឃឹម​ថា​នឹង​មិន​មាន​ហេតុការណ៍​បែបនេះ​កើត​ឡើង​ទៀត​នា​ពេល​អនាគត​ ដូច្នេះ​សូម​ទាំងអស់​គ្នា​មេត្តា​យោគយល់​និង​អធ្យាស្រ័យ​។»

ប្រភព៖ allkpop

Telegram-Troryorng
Share.