ពោធិ៍សាត់ – ដើម្បី​អបអរ​សាទរ​នូវ​សមិទ្ធិផល​ដ៏​ធំ​របស់​ខ្លួន​គឺ​ ដណ្ដើម​បាន​ពាន​កិត្តិយស​ដ៏​ធំ​សម្បើម​ពី​ការ​ប្រកួត​ចម្រៀង​ Beat the Best កំលោះ​ពោធិ៍សាត់​ សួ វិចិត្រ​ បាន​ដង្ហែ​ពាន​របស់​ខ្លួន​ទៅ​​ជុំវិញ​ទីរួម​ខេត្ត​ ដោយ​មាន​ការ​ចូលរួម​​ស្វាគមន៍​យ៉ាង​កុះករ​ពី​សាធារណជន​និង​បងប្អូន​រួម​ខេត្ត​ មុន​នឹង​ដង្ហែ​ត្រលប់​មក​កាន់​វេទិកា​កិត្តិយស​វិញ​។

រូបភាព​រដ្ឋបាលខេត្ត​ពោធិ៍សាត់​

យោង​តាម​ការ​ផ្សាយ​ព័ត៌មាន​របស់ ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បាន​ឱ្យ​ដឹងថា​ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុង ​កាល​ពី​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ បានរៀបចំពីធីដង្ហែពាន ដើម្បីអបអរសាទរម្ចាស់ជ័យលាភី កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី១ របស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាសHDTV ជូនលោក សួ វិចិត្រ ជាអ្នកខេត្តពោធិ៍សាត់ ដែលទើបទទួលបានពាន កាលពីយប់ថ្ងៃទី០៦ ខែមីនា កន្លងទៅ។

រូបភាព​រដ្ឋបាលខេត្ត​ពោធិ៍សាត់​

​កម្មវិធី​នោះ​ក៏​មាន​ថ្នាក់ដឹកនាំ​ធំៗ​ចូលរួម​ផង​ដែរ​ ក្នុង​នោះ​រួម​មាន​ ​លោក អភិបាល​ខេត្ត​រង លោក អភិបាល​ក្រុង លោក​ប្រធាន​មន្ទីរ​ និង​ អនុប្រធាន​មន្ទីរ អង្គភាព​នានា​ ព្រម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ​​ក្នុង​ខេត្ត​ ដែល​ជា​អ្នក​គាំទ្រ​ ម្ចាស់​ជ័យ​លាភី​ សួ វិចិត្រ យ៉ាង​ច្រើន​កុះករ​ផង​ដែរ​។​ ​ពិធី​​​ដង្ហែ​ក្បួន​​បាន​ចេញ​ពី​សួន​ ១៤មករា​ តាម​ក្បួន​រថយន្ត​ និង​ម៉ូតូ​ ដង្ហែ​ជុំវិញ​ទីប្រជុំជន​ក្រុង​ពោធិ៍សាត់​ ឆ្ពោះ​​ត្រឡប់មកទីតាំងដើមវិញ។ 

រូបភាព​រដ្ឋបាលខេត្ត​ពោធិ៍សាត់​

លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាអភិបាលខេត្តស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងថា «ថ្ងៃនេះជាថ្ងៃដែលយើងមានមោទនភាពដ៏ក្រៃលែង ដែលខេត្តរបស់យើង មានប្អូនប្រុស សួ វិចិត្រ ទទួលបានជ័យលាភី ជាអ្នកចម្រៀង BEAT THE BEST រដូវកាលទី១ របស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាសHDTV។ កាលទទួលបាននេះ គឺអាស្រ័យដោយការតស៊ូប្រឹងប្រែងរបស់ប្អូន ចំពោះទេពកោសល្យជាអ្នកសិល្បៈ មានបេះដូងជាអ្នកចម្រៀងពិតប្រាកដ។ ទម្រាំមានថ្ងៃនេះ លោកជឿជាក់ថា ប្អូនប្រុសពិតជាបានជំនះឧបសគ្គដ៏វែងឆ្ងាយ និងបទពិសោធន៍ដ៏សម្បូរបែប ដែលបានជួយជម្រុញឱ្យប្អូនប្រុស ឈានចាប់យកជ័យជំនះ ដ៏ត្រចះត្រចង់នេះបាន។»

រូបភាព​រដ្ឋបាលខេត្ត​ពោធិ៍សាត់​

លោក អភិបាល​ខេត្ត​រង​ បានបន្ថែមថា «នេះជាលទ្ធផលដ៏គួរឱ្យរីករាយ ដែលប្អូនប្រុសស័ក្តិសមនឹងទទួលបាន ព្រោះប្អូនប្រុសពិតជាមានសមត្ថភាពដែលបានដុសខាត់ សម្រេចមកអស់រយៈពេលយ៉ាងយូរកន្លងមកហើយ។ លោកសង្ឃឹមថា ប្អូនប្រុសនឹងប្រឹងប្រែងកសាងកេរ្តិ៍ឈ្មោះ ឱ្យបានកាន់តែល្អ កាន់តែល្បីល្បាញ ប្រកបដោយកិត្តិយស សម្រាប់អនាគតរបស់ប្អូន គ្រួសារបស់ប្អូន ក៏ដូចជាមុខមាត់របស់ខេត្តយើងផងដែរ។ ហើយភាពជោគជ័យរបស់ប្អូនប្រុស សួ វិចិត្រ ពិតជាបានលើកកិត្តិយសយ៉ាងធំធេង ចំពោះខេត្តពោធិ៍សាត់យើង និងផ្តល់គម្រូដ៏ល្អ ដល់យុវជនជំនាន់ក្រោយ ឱ្យមានការប្រឹងប្រែង ព្រមទាំងរួមគ្នាជួយកសាងជាតិរបស់យើង ឱ្យកាន់តែមានការអភិវឌ្ឍឈានឡើង ស្របតាមគោលនយោបាយដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។» ។ លោក ចេង ឡៃ ក៏​បាន​ផ្ដាំ​ផ្ញើ​ដល់​យុវជន​ទាំងអស់​ឱ្យ​ខិតខំ​តស៊ូ​ប្រឹងប្រែង​ប្រសិន​បើ​ចង់​សម្រេច​បាន​ការ​ងារ​ធំ​ ហើយ​ត្រូវ​តែ​ឃ្លាត​ឆ្ងាយ​ពី​អំពើ​អបាយមុខ​និង​គ្រឿង​ញៀន​។

រូបភាព​រដ្ឋបាលខេត្ត​ពោធិ៍សាត់​

ពិធី​ដង្ហែ​ពាន​នេះ​ក៏​មាន​ការ​ Live ផ្ទាល់​ពី​ផេក​របស់​ម្ចាស់​ជ័យលាភី​ សួ វិចិត្រ ផង​ដែរ ដោយ​នៅ​ក្នុង​ពេល​ Live នោះ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​ទស្សនា Live ផ្ទាល់​រាប់​ពាន់​គណនី​ ព្រម​ទាំង​មាន​អ្នក​ Comment សរសើរ​និង​គាំទ្រ​ចំពោះ​ សួ វិចិត្រ​យ៉ាង​ច្រើន​ ដោយ​មក​ដល់​ពេល​នេះ​ចំនួន​ទស្សនា​មាន​ចំនួន​ជាង ៣០០K ចំនួន​Like ចំនួន​​ជាង​ ២៥K និង​ Comment ជិត​៥​K

រូបភាព​រដ្ឋបាលខេត្ត​ពោធិ៍សាត់​

នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​ដែល​​អ្នក​ខេត្ត​ពោធិ៍សាត់​ សម្រេច​បាន​សមិទ្ធិផល​ដ៏​ធំ​ក្ដោប​បាន​ពាន​រង្វាន់​នៅ​ក្នុង​ការ​ប្រឡង​ចម្រៀង​​​កម្រិត​ពិភពលោក​ ដូច្នេះ​ការ​រៀបចំ​កម្មវិធី​នេះ​គឺ​ពិត​ជា​អត្ថន័យ​យ៉ាង​ធំធេង​និង​ជ្រាលជ្រៅណាស់​​ សម្រាប់​បងប្អូន​អ្នក​ខេត្ត​ពោធិ៍សាត់​។ មួយ​វិញ​ទៀត​ការ​សម្រេច​បាន​សមិទ្ធិផល​ដ៏​ធំ​នេះ​ក៏​ដោយ​សារ​តែ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​​គ្រប់​សព្វបែប​យ៉ាង​របស់​ប្រធាន​ «មជ្ឈមណ្ឌល​​កម្សាន្ត​ស្លាបមាស​» តាំង​ពី​ដើម​រហូត​កំលោះ​រូប​នេះ​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​សម្រាប់​ខ្លួន​ ក៏​ដូច​ជា​អ្នក​ខេត្ត​ពោធិ៍សាត់​ទាំង​មូល​៕

ប្រភព​៖ Facebook Sour Vichet , រដ្ឋបាល​ខេត្ត​ពោធិ៍សាត់

Telegram-Troryorng
Share.