អ្នកលេងគុនចម្រុះលេខ១នៅកម្ពុជា ចាន់ រតនា ត្រូវឡើងតតាំងនឹងកីឡាករឥណ្ឌូណេស៊ី Eko Roni Saputra នៅព្រឹត្តិការណ៍ ONE: LIGHTS OUT នៅថ្ងៃសុក្រទី១១ ខែ មីនា ចុងសប្ដាហ៍នេះចាប់ពីម៉ោងល្ងាចតទៅ (ម៉ោងនៅកម្ពុជា)។ រតនា ខកខានឡើងសង្វៀន ONE ជាង១ឆ្នាំមកហើយ បន្ទាប់ពីចាញ់ កីឡាករចិន Wei Xie កាលខែធ្នូ ឆ្នាំ ២០២០។ ខាងក្រោមនេះជាចំណុចខ្លាំងរៀងៗឆ្ពោះទៅរកជ័យជម្នះ។

ចាន់ រតនា ជំនាញកណ្ដាប់ដៃ៖
ចាន់ រតនា ដែលមានវ័យ ៣៦ ឆ្នាំនោះត្រូវបានគេស្គាល់ថាជាម្ចាស់ក្លិបប្រដាល់ «សិល្បៈ» និងថ្មីៗនេះបានចូលហ្វឹកហាត់នៅក្លិប LLFitness សម្រាប់ជំនាញឃ្លេ, ជឺជិតស៊ូ ឬ គុនចម្រុះរបស់ខ្លួន។
រតនា អាចប្រើស្នៀតយុទ្ធគុនខម គុនខ្មែរ និងតេក្វាន់ដូ បានយ៉ាងល្អដែលអំណោយផលពេលជួបកីឡាករជំនាញចំបាប់ដូចជា Eko Roni។ កណ្ដាប់ដៃរបស់ រតនា គឺបង្កភាពគ្រោះថ្នាក់ដល់ Eko Roni គ្រប់ពេល និងអាចផ្ដួលកីឡាករឥណ្ឌូណេស៊ីឲ្យសន្លប់តាមរយៈកណ្ដាប់ដៃនេះឯង។ ក្នុងជ័យជម្នះ ៣ លើកជាប់ សុទ្ធតែបានមកពីការប្រើកណ្ដាប់ដៃប៉ុណ្ណោះ។ ការយកឈ្នះលើកីឡាករឥណ្ឌូណេស៊ី មានតែប្រើក្បាច់ប្រយុទ្ធនេះឯង។

ចាន់ រតនា មានជំនាញដោះឃ្លេ៖
រតនា បានបង្កើតកំណត់ត្រាម្រាប់ខ្លួនឯង និង សម្រាប់កម្ពុជានាពេលកន្លងមកដែលឈ្នះ ៣ លើកជាប់គ្នានៅសង្វៀន ONE និង គ្មានកីឡាកររូបណាធ្វើបានទេក្នុងចំណោមកីឡាករគុនចម្រុះរបស់កម្ពុជា។ រតនា មិនងាយជាប់ឃ្លេកីឡាករម្នាក់ទេ សូម្បីប៉ះកីឡាករចំបាប់អូឡាំពិកសញ្ជាតិគុយបា Gustavo Balart។ គេអាចសម្ងំដោះឃ្លេ និង អាចប្រើស្នៀតឈរបានយ៉ាងល្អដើម្បីយកឈ្នះ Balart។ ហើយរឿងពិសេសមួយទៀត គេអាចធាក់ទប់, ទាត់ជើងនិង រវែជើង មិនឲ្យគូប្រជែងចូលចាប់ឃ្លេផ្ដេសផ្ដាសឡើយ។ ដូច្នេះ រតនា ក៏មិនត្រូវឲ្យជាប់ឃ្លេ Eko Roni ដូចគ្នា។

Eko Roni Saputra ជំនាញឃ្លេបញ្ចប់គូប្រកួត៖
នរណាក៏ដឹងដែរថា កូនសិស្សមកពីក្លិប Evolve MMA មានជំនាញចំបាប់តាំងពីដើមមកម៉្ល៉េះ។ ដូច្នេះជ័យជម្នះ ៥ លើកជាប់គ្នានៅសង្វៀន ONE បានមកពីការឃ្លេគូប្រកួតឲ្យចុះចាញ់ដល់ ៤ ដង និង ប្រើកណ្ដាប់ដៃផ្ដួលឲ្យសន្លប់ម្ដង។ បើសិន ចាន់ រតនា ឲ្យ Eko Roni ចូលចាប់ឃ្លេបាន នោះប្រាកដជាហានិភ័យខ្ពស់មិនខាន។ រឿងពិសេសក្នុងជ័យជម្នះ ៤ លើកសុទ្ធតែបញ្ចប់គូប្រកួតឲ្យចុះចាញ់ទឹកទី១ទាំងអស់ (៣លើកឃ្លេឲ្យចុះចាញ់ទឹកទី១)។ ដូច្នេះ ចាន់ រតនា ត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត។

Eko Roni មានកណ្ដាប់ដៃមិនធម្មតា និងបំបែកកំណត់ត្រានៅ ONE៖
ស្ថិតក្នុងវ័យ ៣០ ឆ្នាំក្មេងជាង រតនា រហូតដល់ ៦ ឆ្នាំឯណោះ។ ដូច្នេះ កម្លាំងកាយសម្បទា និងកម្លាំងដៃរបស់Eko Roni ក៏មិនធម្មតាដែរ។ កីឡាកររហស្សនាម “Dynamite” បានប្រើកណ្ដាប់ដៃស្ដាំម៉ាត់ Liu Peng Shuai ឲ្យដួលមិនអាចប្រកួតត្រឹម ១០ វិនាទីប៉ុណ្ណោះនៅព្រឹត្តិការណ៍ ONE: BATTLEGROUND II។ “Dynamite” បានក្លាយជាកីឡាករផ្ដួលគូប្រកួតឲ្យសន្លប់លឿនបំផុតនៅសង្វៀន ONE Championship សម្រាប់ទម្ងន់ flyweight នៃការប្រកួតគុនចម្រុះ។ នេះជាមូលហេតុដែល រតនា របស់កម្ពុជាពិបាកទ្រាំបើសិនត្រូវកណ្ដាប់របស់ Eko Roni។

បច្ចុប្បន្នវ័យ ចាន់ រតនា មានកំណត់ត្រាប្រកួតអាជីពលើសង្វៀនគុនចម្រុះបានចំនួន ១១ លើកក្នុងនោះឈ្នះ ៧ លើក និង ចាញ់ ៤ លើ។ កំណត់ត្រាល្អដាច់គេក្នុងចំណោមកីឡាករខ្មែរគឺ ឈ្នះ ៣លើកចុងក្រោយនៅសង្វៀនពិភពលោក ONE បន្ទាប់ពីវ៉ៃកីឡាករឥណ្ឌូណេស៊ី២នាក់ Abrou Fernandes និង Rudy Agustian ឲ្យចុះចាញ់ មុនបន្តឈ្នះពិន្ទុ ជើងខ្លាំងធ្លាប់ប្រកួតចំបាប់ព្រឹត្តិការណ៍អូឡាំពិករបស់ក្រិក Gustavo Balart កាលពាក់កណ្ដាលខែ សីហា ឆ្នាំ ២០១៩ មុនចាញ់ Wei Xie នៅចុងឆ្នាំ ២០២០។ ចំណែក Eko Roni មានកំណត់ត្រាប្រកួត ៦លើក (ចាញ់ ៥ លើក និងចាញ់ ១លើក)៕

Telegram-Troryorng
Share.