អ្នក​លេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា និង Eko Roni Saputra នឹង​ជួប​គ្នា​ក្នុង​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់ ONE: LIGHT OUT នាថ្ងៃ​សុក្រ ទី​១១ ខែ​មីនា​នេះនៅ​ប្រទេស​សិង្ហបុរី។

ជំនួប​នេះ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​អ្នក​ទាំង​ពីរ។ មុន​ជំនួប​ចូល​មក​ដល់ សូម​តាម​ដាន​បទ​សម្ភាស​ផ្តាច់​មុខ​ជា​មួយ ចាន់ រតនា​ ពី​ការ​ត្រៀម​ខ្លួន​​ប្រកួត​នា​ថ្ងៃ​សុក្រ​នេះ។

សំនួរ ​រតនា មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ជួប​កីឡាករ​ឥណ្ឌូណេស៊ី​ទី​៣ បន្ទាប់​ពី​ធ្លាប់​ឈ្នះ​២​នាក់​ហើយ?
រតនា៖ ​សម្រាប់​ខ្ញុំ​គ្រប់​ដៃ​គូ​ដែល​ខ្ញុំ​ជួប​គឺ​ខ្ញុំ​រីក​រាយ​ទាំង​អស់។ មិន​ថា កីឡាករ​ឥណ្ឌូណេស៊ី ឬ​កីឡាករ​ប្រទេស​ណា​ទេ គឺ​ស្វាគមន៍​ទាំង​អស់។ ខ្ញុំ​មិន​បាន​សិក្សា​ស្វែង​យល់​​ពី​គាត់​បាន​ច្បាស់​លាស់​ទេ ពី​ព្រោះ​៥​ប្រកួត​ចុង​ក្រោយ​ដែល​គាត់​ឈ្នះ​ទាំង​អស់​គឺ​ឈ្នះ​ទឹក​ទី​១ដូច​គ្នា ហើយ​មើល​ទៅ​គាត់​មិន​ទាន់​បញ្ចេញ​សមត្ថភាព​អស់​ផង។

សំនួរ សម្រាប់​ការ​ត្រៀម​ខ្លួន​យ៉ាង​ណា​ហើយ?
រតនា៖ មែន​ទែន​ទៅ យើង​ទាំង​ពីរ​បាន​ត្រៀម​ជួប​គ្នា​យូរ​ហើយ។ បន្ទាប់​ពី Eko Roni ប្រកាស​ចង់​ជួប​ខ្ញុំ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២១ ខ្ញុំ​បាន​ចំណាយ​ពេល​ហ្វឹក​ហាត់​ច្រើន​ណាស់។ និយាយ​ទៅ​តាំង​ពី​ដឹង​ថា គាត់​ប្រកាស​ចង់​ជួប​ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ហ្វឹក​ហាត់​តាំង​ពី​ពេល​នោះ​មក។

សំនួរនិយាយ​ពី​បទ​ពិសោធ​វិញ Eko Roni Saputra ​ត្រូវ​បាន​អ្នក​កាសែត​ឥណ្ឌូណេស៊ី​គិត​ថា តិច​ជាង Abro Fernandes និ Rudy Agustian ទេ។ រតនា គិត​ថា Eko មិន​សូវ​គ្រោះ​ថ្នាក់​ដូច​កីឡាករ​ឥណ្ឌូណេស៊ី​២​នាក់​មុន​ទេ?
រតនា៖ មហា​ជន​យល់​ឃើញ​​​កីឡាករ​ម្នាក់​នេះ​ខ្សោយ​ជាង​អ្នក​នោះ អ្នក​នោះ​ខ្លាំង​ជាង​អ្នក​នេះ។ នោះ​ជា​គំនិត​យល់​ឃើញ​របស់​ពួក​គាត់។ ប៉ុន្តែ​ខ្ញុំ​សម្រាប់​ខ្ញុំ​គ្រប់​ដៃ​គូទាំង​អស់​សុទ្ធ​​តែ​គ្រោះ​ថ្នាក់។ យើង​មិន​អាច​មើល​ស្រាល​ដៃ​គូ​បាន​ទេ។ រឿង​សំខាន់​គឺ​ត្រូវ​ស្ទាប​ស្ទង់​សមត្ថភាព​គេ​ពេល​ជួប​គ្នាលើ​សង្វៀន។

សំនួរ តើ​ពិត​ជា​សំខាន់​ទេ ប្រសិន​បើ​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី​ទី​៣?
រតនា៖ ជ័យជម្នះលើក​នេះ​ពិត​ជា​សំខាន់​ណាស់​ ពី​ព្រោះ​ប្រកួត​ចុង​ក្រោយ​ ខ្ញុំ​បាន​ចាញ់ ដូច្នេះ​ខ្ញុំ​ចង់​​ទទួល​បាន​លទ្ធផល​គួរ​ជាទី​ពេញ​ចិត្ត​វិញ។

សំនួរ តើ​ រតនា ដាក់​គោល​ដៅ​បញ្ចប់​ជ័យជម្នះ​៥​លើក​ជាប់​គ្នា​របស់ Eko ទេ?
 រតនា៖ ដូច​ខ្ញុំ​និយាយ​អីចឹង ខ្ញុំ​ត្រូវ​ការ​ឈ្នះ​សម្រាប់​ការ​ប្រកួត​នេះ ដោយ​សារ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​នឹង​លទ្ធផល​ចុង​ក្រោយរបស់​ខ្ញុំ។ មែន​ទែន​ទៅ ខ្ញុំ​មិន​ខ្វល់​បញ្ឈប់​កំណត់​ត្រា​របស់​គាត់​ឬ​យ៉ាង​ណា​ទេ​ ខ្ញុំ​ខ្វល់​តែ​រឿងឈ្នះ។

សំនួរEko បាន​និយាយ​ថា មិន​ខ្លាច​ជំនាញ​វ៉ៃ​ឈរ​របស់​ រតនា ឯង​ទេ ហើយ​ដាក់​គោល​ដៅ​បញ្ឈប់​​ពាក់​កណ្តាល​ផ្លូវ​ដោយ​ជំនាញ​ចំបាប់​របស់​គាត់។ តើ​​ រតនា យល់​យ៉ាង​ណា?
រតនា៖ តាម​ពិត​ទៅ ខ្ញុំ​ធ្លាប់​ប្រកួត​ចាញ់​ដោយ​ក្បាច់​ឃ្លេ​តែ​ម្តង​គត់​​គឺ​កីឡាករចិន Xie Bin  ដូច្នេះ​ខ្ញុំ​ទុក​ចិត្ត​លើ​បទ​ពិសោធ និង​របៀប​ការពារ​របស់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​ហ្វឹក​ហាតើ​ការពារ​ក្បាច់​ឃ្លេ​ជា​មួយ​អ្នក​ជំនាញ​ច្រើន​ហើយ។ បើ​គាត់​និយាយ​ថា មិន​ខ្លាច ខ្ញុំ​ក៏​មិន​ខ្លាច​គាត់​ដែរ ហើយ​ខ្ញុំ​ពិត​ជា​ចង់​ប្តូរជា​មួយ​គាត់​ណាស់។

សំនួរ ប្រកួត​ចុង​ក្រោយ​របស់ Eko ប្រើ​ពេល​តែ​១០​វិនាទី​ប៉ុណ្ណោះ​ផ្តួល​កីឡាករ​ចិន Liu Peng Shuai។ តើ​ រតនា គិត​ថា ជា​រឿង​សំណាង ឬ​យ៉ាង​ដូច​ម្តេច​ដែរ?

រតនា៖ ខ្ញុំ​គិត​ថា ជា​កំណត់​ត្រា​សម្រាប់​គាត់។ លទ្ធផល​នេះ​មិន​មែន​ជា​រឿង​សំណាង​បោះ​ទេ ពី​ព្រោះ​ខ្ញុំ​បាន​កត់​សំគាល់ Liu Peng Shuai ​ពេល​ប្រកួត​នោះ​ដែរ។ កីឡាករ​ចិន​នេះ​ដូច​ជា​គិត​ច្រើន ហើយ​ប្រឹង​វ៉ៃ​សម្រុក​ខ្លាំង​ពេល​ធ្វើ​ឲ្យ​​ធ្វេស​ប្រហែស​ភ្លេច​ការពារ​ក៏​ចូល​កណ្តាប់​ដៃ​គេ​​យ៉ាង​លឿន។

សំនួរ រតនា គិត​ថា ​តើ​ការ​ប្រកួត​នេះ​នឹង​បញ្ចប់​ដោយ​លទ្ធផល​បែប​ណា?
រតនា៖ ខ្ញុំ​គិត​ថា ការ​ប្រកួត​គុន​ចម្រុះ​កម្រ​ចប់​​ទាំង​៣​ទឹក​ណាស់។ សម្រាប់​ការ​ប្រកួត​នេះយូរ​បំផុត​ខ្ញុំ​គិត​ថា ត្រឹម​២​ទឹក​ប៉ុណ្ណោះ។ តែ​មិន​ទាន់​ហ៊ាននិយាយ​ថា នរណា​បញ្ឈប់​នរណា​ទេ។ បើ​មិន​គេ​ក៏​ខ្ញុំ។ ខ្ញុំ​តែង​តែ​ផ្តល់​កម្លាំង​ចិត្ត​ខ្លួន​ឯង​ឲ្យ​សង្ឃឹម​ឈ្នះ​១០០​%​សម្រាប់​ការ​ប្រកួត​នេះ។

សំនួរ តើ រតនា មាន​សារ​អ្វី​ព្រមាន​ទៅ Eko ទេ?
រតនា៖ ខ្ញុំ​គាត់​ចង់​ឡើង​ទៅ​កាន់​លំដាប់​កំពូល​ទាំង​៥​ត្រូវ​ឆ្លង​ខ្ញុំ​ឲ្យ​ផុត​សិន។ ខ្ញុំ​នឹង​រារាំង​គាត់ ហើយ​ដៃ​របស់​ខ្ញុំ​នឹង​ត្រូវ​អាជ្ញា​កណ្តាល​លើក​ឡើង​លើ។

សំនួរ៖ ថ្មី​ៗ​នេះ រតនា ទើប​តែ​ទៅ​លេង​គ្រួសារ​នៅ​ប្រទេស​បារាំង និង​ទើប​ត្រឡប់​មក​វិញ។ តើ​ប៉ះ​ពាល់​ដល់​ការ​ហ្វឹក​ហាត់​ទេ?
រតនា៖ មិន​ប៉ះ​ពាល់​អ្វី​ធ្ងន់​ធ្ងរ​ទេ។ ពេល​ប្រពន្ធ និង​កូន​ខ្ញុំ​ទៅ​បារាំង​បាត់ ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​កណ្តោច​កណ្តែង​ដែរ ប៉ុន្តែ​ពេល​ខ្ញុំ​បាន​ទៅ​​ជួប​ពួក​គាត់​នៅ​បារាំង​ និង​យល់​ច្បាស់​ពី​ស្ថានភាព​រស់​នៅ​របស់​ពួក​គាត់​ ខ្ញុំ​លែង​បារម្ភ និង​ខ្វល់​ខ្វាយ​ច្រើន​ដូច​លើក​មុន។ ដូច្នេះ​ឥឡូវ​នេះ ខ្ញុំ​ផ្តោត​លើ​ការ​ហ្វឹក​ហាត់​ទាំង​ស្រុង​ហើយ៕

Telegram-Troryorng
Share.