សហព័ន្ធ​កីឡា​បាល់ទាត់​ម៉ាឡេស៊ី បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​​ជាតិ​របស់​ខ្លួន​ចំនួន​៣០​រូប ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​​មិត្តភាព​អន្តរជាតិ អំឡុង​ពេល FIFA Day (FIFA International Match Day) ក្នុង​ខែ​មីនា នេះ ស្រប​ពេល​សមាជិក​ក្លិប​អ្នក​មាន Johor Darul Ta’zim (JDT) មាន​សមាជិក​រហូត​ដល់​១៤​រូប​ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ជម្រើស​ជាតិ។

នេះ​ជា​ការ​ដឹកនាំ​ដំបូង​របស់​លោក​គ្រូ​បង្វឹក Kim Pan Gon ជនជាតិ​កូរ៉េខាងត្បូង ក្រោយ​ចុះ​កុងត្រា​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ខណៈ​ក្រុម​ម៉ាឡេស៊ី ទាំង​មូល​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សិង្ហបុរី ​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​សិង្ហបុរី ចន្លោះ​ថ្ងៃ​ទី​២២ ដល់​២៩ ខែ​មីនា ឆ្នាំ​២០២២ ត្រៀម​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន និង​សិង្ហបុរី លើ​ទឹក​ដី​សិង្ហបុរី។

ក្រៅ​ពី​នោះ​តាម​គ្រោង​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី នឹង​ប្រកួត​មិត្តភាព​ជាមួយ​ក្លិប​បាល់ទាត់ Albirex Niigata Singapore សមាជិក​លីគ​កំពូល​សិង្ហបុរី S-League នៅ​វេលា​ម៉ោង​៨យប់​(ម៉ោង​៧យប់​នៅ​កម្ពុជា) ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២២ លើ​ទីលាន​កីឡដ្ឋាន Jalan Besar Stadium ក្នុង​ប្រទេស​សិង្ហបុរី។

នេះ​ជា​ការ​ត្រៀម​ខ្លួន​របស់​ម៉ាឡេស៊ី ដើម្បី​ចូលរួម​ប្រកួត​ជម្រុះ​ជើង​ឯក​ពានរង្វាន់​ទ្វីប​អាស៊ី 2023 AFC Asian Cup qualificationនៅ​ខែ​មិថុនា ខាង​មុខ ដោយ​ស្ថិត​ក្នុង​ពូល E ជាមួយ​បារ៉ែន, បង់ក្លាដេស និង​ទួរមេនីស្ថាន៕

Telegram-Troryorng
Share.