នៅថ្ងៃម្សិលមិញនេះ (ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២) មានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក និង Tik​Tok​ ដែលគេមើលឃើញថា ម្ចាស់សុនខចិញ្ចឹមម្នាក់មានឈ្មោះហ្វេសប៊ុក សំអាងការ ស្រីម៉ៅមង្គល រស់នៅខេត្តកំពត បានរត់ស្រែកទ្រហោយំ និង Live វីដេអូសុំឱ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជួយ ខណៈសត្វសុនខចិញ្ចឹមរបស់គាត់ចំនួន ៣ក្បាល ត្រូវក្រុមបុរសជាកម្មករមួយក្រុម បានពន្លះសាច់ធ្វើជាចំណីអាហារ ទាំងដែលនៅក្នុងនោះមានសុនខញីមួយក្បាលដែលមានកូននៅក្នុងផ្ទៃពោះ។

រូបភាពម្ចាស់ឆ្កែ និងឆ្កែដែលត្រូវគេប្រហារធ្វើចំណី

ម្ចាស់សុនខ មិនបានប្រាប់ពីអត្តសញ្ញាណ និងឈ្មោះពិតនោះទេ ក៏ប៉ុន្ដែបានបញ្ជាក់ថា សត្វសុនកចិញ្ចឹមរបស់គាត់មាន ៣ក្បាលដែលត្រូវបានប្រហារ នៅក្នុងនោះមានសុនកញីឈ្មោះ HaTaRi មានផ្ទៃពោះ១ខែហើយ និងកូនរបស់វាចំនួន២ក្បាលទៀតឈ្មោះ ដូឌឺ និងឌូឌូ។ ម្ចាស់សត្វបានអះអាងប្រាប់នៅលើហ្វេសប៊ុករបស់ខ្លួនថា នៅក្នុងអំឡុងពេលម៉ោង ៩ព្រឹក ស្រាប់តែបាត់សុនខទាំង៣ក្បាលនោះ មិនឃើញរត់មកទទួល ទើបមានការសង្ស័យថា បានរត់លេងទៅក្រៅផ្ទះ ខណៈពេលដែលអ្នកជិតខាងរបស់គាត់ បានសុំបើករបង ដើម្បីធ្វើររបងផ្ទះថ្មី។ មិនយូរប៉ុន្មានម្ចាស់សុនខរូបនេះក៏ស្រែកសួរកម្មករដែលនៅជាប់ផ្ទះនេះថា «ឃើញឆ្កែខ្ញុំទេ? »។ ភ្លាមនេះគេប្រាប់គាត់វិញថា ឆ្កែបានរត់ទៅក្រៅបាត់ហើយ មិនឃើញទេ។

មួយសន្ទុះធំក្រោយមក ម្ដាយរបស់ម្ចាស់សុនខ ក៏ស្រែកឆោឡោថា ឆ្កែត្រូវបានគេពន្លះសាច់ ធ្វើចំណីហើយ។ ភ្លាមៗម្ចាស់សុនក ស្ទើរតែគាំងបេះដូង ព្រោះដឹងថាសត្វចិញ្ចឹមដែលស្រឡាញ់ស្មើរជីវិត ត្រូវបានក្រុមកម្មករសំណង់ប្រហារជីវិតទាំង៣ក្បាលហើយ។ ម្ចាស់សុនខរូបនេះក៏បានអំពាវនាវសុំយុត្តិធម៌ពីប៉ូលីសនៅក្នុងខេត្តកំពត ដើម្បីចាត់វិធានការតាមនិតិវិធី និងមិនទទួលសំណងអ្វីទាំងឡើយ ពោលគឺចាត់ចែងតាមច្បាប់។

យ៉ាងណាមិញ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកដែលជាអ្នកស្រឡាញ់សត្វចិញ្ចឹមគ្រប់ប្រភេទ ក៏បានលើកឡើងដែលថា «ម្ហូបមានច្រើនមុខមិនហូបទេ បែរជាដើរទាក់ឆ្កែរបស់គេមកធ្វើជាអាហារទៅវិញ សូម្បីតែខ្ញុំក៏ឈឺចាប់ដូចគ្នា ព្រោះខ្ញុំក៏តាមទាន់ឃើញគេកាប់ឆ្កែដ៏ស្លូតត្ររបស់យកទៅស៊ី ខ្ញុំក៏ទទួលយកមិនបានដូចគ្នាបង ពេលខ្ញុំឃើញខ្ញុំសឹងតែ ប​-ា-ញ់-ពួកអាមនុស្សចឹងឱ្យ ង-ា-ប់-ទេ😓😓 បើគ្នាកាចគ្នាខាំអាពូនឹងមិនថាទេ តែនេះគ្នាស្លូតសឹងអីហេតុអ្វីក៏ធ្វើចឹងទៅវិញពួកអាន-រ-ក-»។ មានខ្លះទៀតថា «បងប្អូនជួយរកយុត្តិធម៌ឱ្យគាត់នឹងក្រុមគ្រួសារគាត់ផងនៅខេត្តកំពត។ #EndDogMeatTrade #EndCatMeatTrade បងប្រុសមិនត្រឹមតែបាត់បង់អ្នកដែលគាត់ ស្រលាញ់ទេ គាត់បានបាត់បង់អ្នកដែលស្រលាញ់គាត់ ៣ក្បាល។ ពាក្យបណ្តឹង ម៉ាក់ប៉ាគាត់បានដាក់ហើយ ដូច្នេះយើងរងចាំថ្នាក់លើធ្វើការ។ * អ្វីដែលយើងធ្វើបានគឺ អ្នកទាំងអស់ជួយជាសំលេង គាំទ្រនឹងចូលរួមបញ្ឈប់ការសំលាប់សត្វចិញ្ចឹម។ ១, ចូលរួមបញ្ឆប់ ការបរិភោគសត្វចិញ្ចឹមទាំងអស់គ្នា ជាពិសេសបងប្អូនយើងនៅខេត្តកំពត។ ២, បងសិនបងប្អូនឃើញសកម្មភាព សំលាប់សត្វចិញ្ចឹមនៅខេត្តកំពត សូមបងប្អូនទាក់ទងមកនាងខ្ញុំភ្លាម មិនថាឆ្កែរឺឆ្មារបស់បុគ្គលណាទេ។ ខ្ញុំនឹងទៅជួយភ្លាម។ ៣, សំលេងនឹងការshare របស់អ្នកទាំងអស់គ្នាបង្ហាញពីការស្រលាញ់ នឹង ខ្វល់ខ្វាយអំពីសុវត្តិភាពឆ្កែរបស់យើងទាំងអស់គ្នា ព្រមទាំងឆ្កែអនាថា»។

មិនតែប៉ុណ្ណោះ នៅក្នុងនោះ ម៉ែសេះ តែមហាជនបានស្គាល់ថាជាតារាហ្វេសប៊ុក និងតារាសម្ដែងវីដេអូកំប្លែង ក៏បានសម្ដែងការហួសចិត្តនិងអារម្មណ៍ខឹងសម្បាដែលថា៖ «និយាយមែន គឺខ្ញុំស្រឡាញ់ឆ្កែហាស់ស្គីខ្លាំងណាស់ ប្រសិនបើឱ្យខ្ញុំវ៉ៃ ខ្ញុំនឹងវ៉ៃអាតាសម្លាប់ឆ្កែហ្នឹង ឱ្យទាល់តែ ឆ-្ក-ួ-ត។ …..អីចឹងបានកំពុងនិយាយហ្នឹង វាហួសចិត្ត ឆ្កែមានទំងន់ទៀត និយាយលែងចេញ….»។

សូមជម្រាបថា នៅក្នុងមាត្រា​ ១១២, ១១៣ និង​មាត្រា​ ១១៥ នៃ​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ បានចែងថា ការដើរ​ទាក់ លក់ ទិញ និង​ពិឃាតសត្វ​អនាធិបតេយ្យ គ្មាន​ច្បាប់ទម្លាប់​នឹង​ត្រូវ​ទទួលទោស​យ៉ាង​ធ្ងន់ធ្ងរ​តាម​បញ្ញតិ្ត​៕

Telegram-Troryorng
Share.