ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Joe Biden គឺលោក Jake Sullivan ដែលនឹងត្រូវជួបជាមួយអ្នកការទូតកំពូលរបស់ចិន គឺលោក Yang Jiechi នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នាព្រឹកថ្ងៃច័ន្ទនេះ បានព្រមានកាលពីថ្ងៃអាទិត្យថា ទីក្រុងប៉េកាំងនឹងប្រឈមមុខយ៉ាងពិតប្រាកដ ប្រសិនបើជួយទីក្រុងមូស្គូ គេចចេញពីការដាក់ទណ្ឌកម្មលើការឈ្លានពានប្រទេសអ៊ុយក្រែន។

ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបានបដិសេធមិនធ្វើអត្ថាធិបប្បាយលើរបាយការណ៍ដែលថា​រុស្សីបានស្នើសុំចិនសម្រាប់ឧបករណ៍យោធាចាប់តាំងពីរុស្សីឈ្លានពានអ៊ុយក្រែននាថ្ងៃទី ២៤​ ខែ កុម្ភៈ ឆ្នាំ២០២២។

កាសែត Financial Times, Washington Post និង New York Times បានរាយការណ៍អំពីសំណើរនេះ​កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សំដីរបស់មន្ត្រីអាមេរិក។

រុស្សីនិងចិនបានរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ខណៈពួកគេបានស្ថិតក្រោមសម្ពាធរបស់លោកខាងលិចជុំវិញបញ្ហាសិទ្ធិមនុស្ស និង បញ្ហាផ្សេងៗទៀត។ ទីក្រុងប៉េកាំងមិនបានថ្កោលទោសការវាយប្រហាររបស់រុស្សីលើអ៊ុយក្រែនទេ ហើយមិនបានហៅការលុកលុយនេះថាជាការឈ្លានពានដែរ ប៉ុន្តែបានជំរុញឲ្យមានដំណោះស្រាយឲ្យមានកិច្ចចរចា។

លោក Sullivan បានប្រាប់សារព័ត៌មាន CNN ថា សហរដ្ឋអាមេរិកជឿថា ប្រទេសចិនបានដឹងថា រុស្សីកំពុងរៀបចំផែនការសកម្មភាពក្នុងប្រទេសអ៊ុយក្រែន មុនពេលការលុកលុយបានកើតឡើង ទោះបីជាទីក្រុងប៉េកាំង ប្រហែលជាមិនបានយល់ច្បាស់ពីអ្វីដែលបានគ្រោងទុកក៏ដោយ។ ឥឡូវនេះលោក Sullivan បាននិយាយទៀតថា ទីក្រុងវ៉ាស៊ីនតោនកំពុងឃ្លាំមើលយ៉ាងដិតដល់ដើម្បីមើលថា តើទីក្រុងប៉េកាំងបានផ្ដល់ជំនួយផ្នែកសេដ្ឋកិច្ច ឬ សម្ភារៈដល់រុស្សីកម្រិតណា ប្រសិនបើអាមរិករកឃើញថាចិនបានជួយពិតមែន អាមេរិកនិងផ្ដល់ផល់វិបាកដល់ចិន ព្រោះអាមេរិកមិនអនុញ្ញាតឲ្យប្រទេសណាមួយជួយរុស្សីគេចចេញពីទណ្ឌកម្មលោកខាងលិចបាននោះទេ។ ប៉ុន្ដែកាលពីកន្លងមក មន្រ្តីអាមេរិកមិនទាន់បានបញ្ជាក់ពីប្រភេទអាវុធដែលរុស្សីបានស្នើសុំ ឬ របៀបដែលប្រទេសចិនឆ្លើយតបនឹងរុស្សីនៅឡើយទេ។

ដោយឡែកមន្រ្តីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបាននិយាយថា សង្រ្គាមនៅអ៊ុយក្រែននឹងក្លាយជាប្រធានបទសំខាន់ នៅក្នុងអំឡុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ ជាមួយអ្នកការទូតកំពូលរបស់ចិន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់អាមេរិក និង ប្រទេសចិន ដើម្បីរក្សាទំនាក់ទំនង និង គ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ២ លើពិភពលោក៕

ប្រភព៖ The Guardian

Telegram-Troryorng
Share.