ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer បាននិយាយកាលពីថ្ងៃច័ន្ទនេះថា​ ខ្លួននឹងរក្សាការផ្គត់ផ្គង់ឱសថមនុស្សធម៌ដល់ប្រទេសរុស្សី ប៉ុន្ដែនិងមិនចាប់ផ្ដើមសាកល្បងព្យាបាលថ្មីនៅក្នុងប្រទេស និង ជ្រើសរើសអ្នកជំងឺសម្រាប់ការសិក្សាដែលកំពុងបន្ដទៀតទេ។

ប៉ុន្ដែអ្នកផលិតឱសថនឹងស្វែងរកមធ្យោបាយផ្ដល់វ៉ាក់សាំងសម្រាប់អ្នកជំងឺដែលបានចុះឈ្មោះក្នុងការធ្វើតេស្ដព្យាបាលនៅក្នុងការសិក្សានៅប្រទេសអ៊ុយក្រែនរួចរាល់ ខណៈដែលមនុស្សរាប់លាននាក់កំពុងស្វែងរកជម្រកពីការទម្លាក់គ្រាប់បែក និង ភៀសខ្លួនទៅកាន់ប្រទេសជិតខាង។

ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួននឹងធ្វើការជាមួយរដ្ឋបាលចំណីអាហារ និង ឱសថសហរដ្ឋអាមេរិក រួមទាំងនិយតករផ្សេងៗទៀត ដើម្បីផ្លាស់ប្ដូរទីកន្លែងសម្រាប់សាកល្បងថ្នាំរបស់ពួកគេ ទៅក្រៅប្រទេសរុស្សី។ ថ្វីត្បិតតែចង់មានការផ្លាស់ប្ដូរទីកន្លែងយ៉ាងណាក្ដី ក្រុមហ៊ុននឹងបន្ដផ្ដល់ថ្នាំដល់អ្នកជំងឺដែលបានចុះឈ្មោះក្នុងការសិក្សារួច។

ក្រុមហ៊ុន Pfizer បានបញ្ជាក់ទៀតថា ការបញ្ឈប់ដោយស្ម័គ្រចិត្តចំពោះការនាំចូលឱសថទៅកាន់រុស្សី និងជាការរំលោភបំពានដោយផ្ទាល់លើគោលការណ៍ជាមូលដ្ឋានរបស់ក្រុមហ៊ុនក្នុងការផ្ដល់អាទិភាពដល់អ្នកជំងឺ។

របាយការណ៍របស់ក្រុមហ៊ុនបានបន្ថែមថា ការបញ្ចប់ការផ្ដល់ឱសថ រួមទាំងថ្នាំជំងឺមហារីក ឬ សរសៃឈាមបេះដូង និងបណ្ដាលឲ្យអ្នកជំងឺរងទុក្ខវេទនា និង អាចបាត់បង់ជីវិត។

ជាមួយគ្នា ក្រុមហ៊ុនផលិតឱសថលោកខាងលិច និង ក្រុមហ៊ុនវេជ្ជសាស្ត្របានព្រមានថា ផែនការរបស់ពួកគេក្នុងការបន្ដលក់ផលិតផលទៅឲ្យប្រទេសរុស្សីអាចនឹងមានភាពស្មុគស្មាញដោយសារការដាក់ទណ្ឌកម្មលើប្រទេសនេះ។ ខណៈដែលក្រុមហ៊ុនយក្សរបស់លោកខាងលិចជាច្រើនបានសម្រេចចិត្តផ្អាកដំណើរការអាជីវកម្ម និង ដើរចេញពីប្រទេសរុស្សីជាបន្ដបន្ទាប់យ៉ាងឆាប់រហ័ស៕

ប្រភព៖ CNA

Telegram-Troryorng
Share.