តាមរយៈសារព័ត៌មាន Dailymail នៅពេលថ្មីៗនេះបានផ្សាយឱ្យដឹងថា តារាចម្រៀងជនជាតិអង់គ្លេសគឺលោក Tom Odell បានស្ម័គ្រចិត្តច្រៀងចម្រៀងកំដរជនភៀសខ្លួនអ៊ុយក្រែននៅស្ថានីយរថភ្លើងទីក្រុង Bucharest ប្រទេស Romania។ នៅពេលនេះមានបទចម្រៀងមួយបទដែលលោកបានលើកយកមកច្រៀងមានចំណងជើងថា «Another Love» បានធ្វើឱ្យជនភៀសខ្លួនអ៊ុយក្រែនជាច្រើននាក់ទះដៃ ស្រែកហោរ និងខ្លះទៀតសម្រក់ទឹកភ្នែក ដោយសារអត្ថន័យរបស់បទចម្រៀងបានចាត់ដោតដល់បេះដូង។

យ៉ាងណាមិញ មានរូបភាពជាច្រើនសន្លឹក និងឃ្លីបវីដេអូមួយចំនួន ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម រហូតធ្វើឱ្យមហាជនទូទាំងពិភពលោករំជួលចិត្តចំពោះព្រឹត្តិការណ៍នេះ និងសរសើរដល់តារាចម្រៀង Tom Odell ដែលបានធ្វើឱ្យជនភៀសខ្លួនអ៊ុយក្រែនមានកម្លាំងចិត្ត។ តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងប្រចាំប្រទេសអង់គ្លេសរូបនេះ បានលេងព្យាណូនិងច្រៀងបទ «Another Love»ដែលរៀបរាប់ពីតស៊ូដើម្បីនរណាម្នាក់ដែលអ្នកស្រឡាញ់ ហើយបទចម្រៀងបានក្លាយជាបទ Viral ដែលកំពុងល្បីល្បាញនៅលើបណ្តាញសង្គម Tiktok ។

ជាមួយគ្នានោះដែរ លោក Tom Odell គឺជាតារាចម្រៀងដែលបានចូលរួមក្នុងការប្រគុំតន្ត្រីដើម្បីរៃអង្គាសថវិកាសម្រាប់មូនិធិកាកបាទក្រហមនៅប្រទេស Romania ដើម្បីជួយប្រជាជនអ៊ុយក្រែននៅទីនោះ។ លោកបានចូលរួមជាមួយ DJ Armin van Buuren និងតារាចម្រៀងអ៊ុយក្រែនម្នាក់ឈ្មោះ Jamala ដែលបានឈ្នះការប្រលងចម្រៀង Eurovision ក្នុងអំឡុងឆ្នាំ 2016។ មកទល់ពេលនេះមានប្រជាជនអ៊ុយក្រែនលើសពី ២លាន៥សែននាក់ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសក្បែរខាង ដើម្បីគេចចេញពីសង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ី។ បើតាមការសេចក្ដីថ្លែងការរបសើអង្គការសហប្រជាជាតិបានលើកឡើងថា ចំពោះស្ថានភាពជនភៀសខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ កើតឡើងក្នុងរយៈពេលខ្លីយ៉ាងឆាប់រហ័ស និងបានក្លាយទៅជាវិបត្តិជនភៀសខ្លួនធ្ងន់ធ្ងរបំផុតនៅសហភាពអ៊ឺរ៉ុបមិនធ្លាប់មានក្នុងរយៈពេលរាប់សិបឆ្នាំមកហើយ។

នៅស្ថានីយរថភ្លើងទីក្រុង Bucharest ប្រទេស Romania មានជនភៀសខ្លួនរាប់ពាន់នាក់បានឆ្លងកាត់ទៅនោះជារៀងរាល់ថ្ងៃ ព្រោះជាកន្លែងមានក្រុមការងារជាអ្នកស្ម័គ្រចិត្ត និងអាជ្ញាធរ បានផ្តល់ជាស្បៀងអាហារ និងភេសជ្ជៈ ការធ្វើដំណើរដល់ជនភៀសខ្លួនអ៊ុយក្រែន។

Telegram-Troryorng
Share.