ប្រទេសចិនបានបដិសេធការអះអាងរបស់មន្ត្រីអាមេរិកដែលបានលើកឡើងថា រុស្ស៊ីបានស្វែងរកជំនួយផ្នែកយោធាក្នុងប្រទេសអ៊ុយក្រែន និងបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនពីការផ្សព្វផ្សាយព័ត៌មានមិនពិតដែលនាំឱ្យមាន​ហានិ​ភ័យ​ចំពោះការជំរុញឱ្យមានជម្លោះកើនឡើង។ នេះបើតាមសារព័ត៌មាន CNA បានចេញផ្សាយនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២នេះ។

ស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍ បានប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters ថា «សហរដ្ឋអាមេរិកបានផ្សព្វផ្សាយព័ត៌មានមិនពិតជាបន្តបន្ទាប់ ដើម្បីប្រឆាំងនឹងប្រទេសចិនអំពីបញ្ហាអ៊ុយក្រែននិងរុស្ស៊ី» ។ យ៉ាងណាមិញ ប្រទេស​ចិន​បានអះអាងថា ខ្លួននឹងកំពុង​តែដើរ​តួនាទីយ៉ាងសំខាន់ក្នុងការ​ស្ថាបនា​ និងលើក​កម្ពស់​ការ​ចរចា​ឱ្យមានសន្តិភាព​។ អាទិភាពកំពូលនៅពេលនេះ គឺមានតែការបន្ធូរបន្ថយស្ថានការណ៍ ជំនួសពីការបន្ថែមប្រេងទៅក្នុងភ្លើង ដោយបង្វែរមករកដោះស្រាយការទូត ជាជាង។

ដោយឡែកមន្ត្រីអាមេរិកជាច្រើននាក់បានលើកឡើងថា រុស្ស៊ីបានស្នើសុំសម្ភារៈយោធា និងជំនួយពីសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួនគឺចិន។ ទីក្រុងមូស្គូក៏បានស្នើសុំជំនួយសេដ្ឋកិច្ចពីទីក្រុងប៉េកាំង ប្រឆាំងនឹងការដាក់ទណ្ឌកម្មដ៏អាក្រក់ ដែលបានដាក់ប្រឆាំងនឹងខ្លួនដោយប្រទេសលោកខាងលិចភាគច្រើន។ មន្ត្រីអាមេរិកទាំងនោះបានបដិសេធមិនពន្យល់ច្បាស់ពីអ្វីដែលរុស្ស៊ីបានស្នើសុំ ឬ ថាតើចិនបានឆ្លើយតបឬយ៉ាងណានោះទេ។ ក៏ប៉ុន្ដែវិមានក្រឹមឡាំង បានបដិសេធរាល់ការចោទប្រកាន់ទាំងនោះ៕

ប្រភព៖ CNA

Telegram-Troryorng
Share.