លោក Alexey Arestovich ជាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងថា ទីក្រុងម៉ូស្គូ និងក្រុងកៀវ អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយនៅរយៈពេល ១ទៅ២សប្តាហ៍ខាងមុខនេះ។ នេះបើតាមសារព័ត៌មាន RT បានចេញផ្សាយនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២នេះ។

លោក Arestovich បានធ្វើសេចក្ដីថ្លែការណ៍ដោយបង្ហាញមុខ​នៅ​លើ​បណ្តាញ YouTube ដែលមានឈ្មោះ Mark Feygin គឺជាសកម្មជន​នយោបាយ។ លោកបាននិយាយថា «ខ្ញុំជឿថា មានភាគរយច្រើន ដែលយើងនឹងមានកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្គ្រាមនៅអំឡុងខែឧសភា ឬក៏ដើមខែឧសភាខាងមុននេះតែម្ដង។ ពិភពលោកកំពុងរង់ចាំមើល ថាតើនឹងកើតឡើងដោយយ៉ាង​ណាបាន?» ។ លោកបានបន្ថែមថា នៅក្នុងសេណារីយ៉ូដ៏ល្អបំផុតនៅពេលនេះគឺ កិច្ចព្រមព្រៀងស្តីពីការដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន ដែលអាចកើតមានក្នុងរយៈពេល១ទៅ២ សប្ដាហ៍ខាងមុខនេះ។

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បាននិយាយបន្ថែមថា នៅជុំទីបួននៃកិច្ចពិភាក្សាដែលបានធ្វើឡើងតាមរយៈវីដេអូខនហ្វឺរេនកាលពីថ្ងៃចន្ទនេះ គឺមានលិទ្ធផលវិជ្ជមានច្រើនជាងមុន។ លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនម្នាក់ទៀត ក៏បានលើកឡើងដូចគ្នាថា អ្នកចរចាពីមុនបានយល់ព្រមលើការបើកច្រករបៀងមនុស្សធម៌ដើម្បីជម្លៀសជនស៊ីវិលពីទីក្រុង ដែលកំពុងប្រយុទ្ធដូចជា ក្រុង Mariupol និងកំពង់ផែសមុទ្រ Azov សុទ្ធតែបានហ៊ុំព័ទ្ធទាំងស្រុងដោយកងទ័ពរុស្ស៊ី និងកងកម្លាំងនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) រួមជាមួយសាធារណរដ្ឋប្រជាមានិត Lugansk (LPR) ដែលបានផ្តាច់ខ្លួនចេញពីអ៊ុយក្រែន បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤។

ដោយឡែកនៅក្នុងសុន្ទរកថា លោក Volodymyr Zelensky បានអះអាងថា ក្នុងអំឡុងពេល១៩ថ្ងៃនៃសង្រ្គាម រុស្ស៊ីបានបាត់បង់យន្តហោះចម្បាំងចំនួន 80 គ្រឿង រថក្រោះរាប់រយគ្រឿង និងសព្វាវុធរាប់ពាន់គ្រឿងផ្សេងទៀត។ ជាមួយគ្នានេះដែរ ក្រសួងការពារជាតិរុស្ស៊ីក៏បានរាយការណ៍ដែរថា ខ្លួនបានបំផ្លាញរថក្រោះនិងរថពាសដែកផ្សេងទៀតរបស់អ៊ុយក្រែនជិត ១៣០០ គ្រឿង កាំភ្លើងធំជិត ៦០០ដើម និងយន្តហោះចម្បាំងគ្មានមនុស្សបើកចំនួន ១៤៥ គ្រឿង៕

ប្រភព៖ RT

Telegram-Troryorng
Share.