រឿងភាគជាសេរីដែលមានចំណងជើងថា «Sixteen Candles» គឺជារឿងភាគដ៏ល្បីល្បាញនឹងមានវ័យចំណាស់មួយតាំងពីឆ្នាំ១៩៨៤ ដែលនៅកាលនោះសម្ដែងដោយតារាល្បីឈ្មោះដូចជា Molly Ringwald , Michael Schoeffling និង Anthony Michael Hall។ យ៉ាងណាមិញ រឿងភាគជាសេរីមួយនេះ ត្រូវបានទិញសិទ្ធផលិតជាថ្មីម្ដងទៀតដោយក្រុមហ៊ុន NBC streamer Peacock ហើយគ្រោងនឹងដាក់បញ្ចាំងជាពិសេសនៅក្នុង Netflix។

អ្វីដែលគេបានចាប់អារម្មណ៍ជាពិសេសនេះគឺ រឿងភាគជាសេរី «Sixteen Candles» ត្រូវបានដឹកនាំផលិតដោយតារាចម្រៀងស្រី Selena Gomez ដែលនាងធ្លាប់មានបទពិសោធន៍ក្នុងការផលិតរឿងភាគជាសេរីដ៏ល្បីល្បាញមានចំណងជើងថា «13 Reasons Why» នៅឆ្នាំ២០១៧ ដែលនិយាយពីការធ្វើអត្តឃាតរបស់សិស្សស្រីម្នាក់ដ៏អាថ៌កំបាំង។

រឿងភាគជាសេរី «Sixteen Candles» ត្រូវបានរៀបរាប់សាច់រឿងត្រួសៗឱ្យដឹងថា Sam Baker ជាយុវតី​វ័យ​១៦​ឆ្នាំ ហើយនាងសង្ឃឹមថា នៅក្នុងឆ្នាំថ្មីនោះ នាងនឹងទទួលបានកាដូដ៏ពិសេស ហើយអស្ចារ្យសម្រាប់ថ្ងៃកំណើតនាង។ នាងជាក្មេងស្រីជំទង់ដែលមិនសូវមានភាពកក់ក្ដៅពីគ្រួសារនោះទេ ហើយគ្រួសាររបស់នាងបានភ្លេចពីថ្ងៃខួបកំណើតរបស់នាងចំថ្ងៃដែលបងស្រីនាងបានរៀបការ។ នាងអន់ចិត្តណាស់ ព្រមទាំងមានអារម្មណ៍​ឯកា​។ នាងក៏បានលួចស្រឡាញ់បុរសម្នាក់នៅវិទ្យាល័យ។ នៅក្នុងវ័យ១៦ឆ្នាំនោះ នាងបានជួបរឿងរ៉ាវជាច្រើននៅក្នុងជីវិត ហើយបានប្រឡូកប្រឡាក់ជាមួយស្នេហានៅគ្រាដំបូងទៀតផង។ ចុងបញ្ជប់នៃសាច់រឿងត្រូវបានគ្រោងទុកដូចក្ដីស្រម៉ៃរបស់អ្នកទស្សនា ជារឿង Happy Ending ។ ទៀន ១៦ ដើម បានដោតនៅលើនំខេកសម្រាប់ថ្ងៃកំណើតរបស់តួស្រី ហើយនាងមានបំណងប្រាថ្នាមួយដែលនាងបានបួងសួង។ តើបំណងនេះជាអ្វី? និងបានសម្រេចឬទេ? គឺមានរង់ចាំទស្សនាតែប៉ុណ្ណោះ។

អ្នកគាំទ្របានរំពឹងទុកថា រឿងភាគជាសេរីមួយនេះនឹងកក្រើកឡើងវិញម្ដងទៀត ក្រោមស្នាដៃរបស់តារាស្រី Selena Gomez។ ក្រៅពីនេះ Selena Gomez ក៏ធ្លាប់ជាផលិករប្រតិបត្តិកម្មវិធី​ទូរទស្សន៍​ផ្សេង​ទៀត​ដូចជា Selena + Chef និង Hulu’s Only Murders In The Building ។

ប្រភព៖ MSN

Telegram-Troryorng
Share.