បាត់ដំបង៖ ទាហានថៃបញ្ជូនពលរដ្ឋជាង២០០នាក់មកកម្ពុជាវិញ បន្ទាប់ពីលួចឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ ក្នុងចំណោមនោះមានជាង២០នាក់ផ្ទុកកូវីដ-១៩ ។

កម្លាំងចម្រុះការពារសន្តិសុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី ១៨ ខែមីនានេះ បានចុះទទួលពលរដ្ឋខ្មែរឲ្យវិលត្រឡប់មកស្រុកវិញពីភាគីថៃ ចំនួន ២២៨នាក់ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋទាំង ២២៨នាក់នោះមានបុរសចំនួន ៩៤នាក់ ស្ត្រី ៩៣នាក់ និងក្មេងចំនួន ៤២នាក់ផងដែរ ដោយក្នុងនោះក្រុមគ្រូពេទ្យបានពិនិត្យរកឃើញ ២៣ នាក់ មានផ្ទុកជំងឺកូវីដ-១៩។

បន្ទាប់មកក្រុមគ្រូពេទ្យពិនិត្យរកឃើញថា មានពលរដ្ឋចំនួន ១៧៨នាក់ បានចាក់វ៉ាក់សាំងរួច និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។រីឯពលរដ្ឋដែលបានឆ្លងកូវីដ១៩និងមិនមានកាតចាក់វ៉ាក់សាំង គ្រូពេទ្យបានបញ្ជូនទៅមណ្ឌលដើម្បីសម្រាកព្យាបាលជំងឺ និងធ្វើចត្តាឡីស័ក៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.