ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Qing Gang បាននិយាយថា ប្រទេសចិនមិនបានបញ្ចូនសព្វាវុធទៅឲ្យរុស្សី ដើម្បីប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែននោះទេ ប៉ុន្ដែលោកមិនបានបដិសេធដាច់ខាតនូវលទ្ធភាពដែលទីក្រុងប៉េកាំងអាចធ្វើដូច្នេះនៅពេលអនាគតនោះទេ​។

ការអះអាងនេះកើតឡើង ២ថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក Joe Biden បានព្រមានសមភាគីចិន លោក Xi Jinping ថា ចិននឹងមានផលវិបាក ប្រសិនបើទីក្រុងប៉េកាំងផ្ដល់ជំនួយជាសម្ភារៈដល់ទីក្រុងមូស្គូ។

នៅពេលសួរតាមទូរទស្សន៍ CBS របស់អាមេរិកថា តើចិនអាចបញ្ជូនលុយ ឬ អាវុធទៅរុស្សីឬអត់? ឆ្លើយតបទៅនឹងទូរទស្សន៍ CBS វិញ លោក Qing Gang បានបញ្ជាក់ថា មិនបានជួយអ្វីទេ ហើយថា ផ្នែកការទូតគឺចាំបាច់បំផុត។

ជុំវិញបញ្ហានេះ ទីក្រុងប៉េកាំងបានបដិសេធលើរបាយការណ៍ដែលថា ខ្លួនបើកចំហក្នុងការផ្ដល់អាវុធដល់ទីក្រុងមូស្គូថាជា ព័ត៌មានមិនពិត ប៉ុន្ដែប្រទេសចិនបានស្ទាក់ស្ទើរក្នុងការស្ដីបន្ទោសរុស្សីចំពោះការលុកលុយលើប្រទេសអ៊ុយក្រែន។

លោក Qing Gang បានបន្ថែមទៀតថា យើងមិនបានផ្ដល់ជាអាវុធ ឬ គ្រាប់រំសេវទៅឲ្យភាគីណាមួយទេ ប៉ុន្ដែជំនួសមកវិញគឺ ការបញ្ជូនអាហារ ថ្នាំពេទ្យ តង់ និង អាហារបំប៉នទារក ដូចជាម្សៅទឹកដោះគោជាដើម។

អំឡុងពេលបទសម្ភាសន៍របស់លោក Qing Gang នៅក្នុងកម្មវិធីទូរទស្សន៍ CBS «Face the Nation» លោក បាននិយាយថា ទីក្រុងប៉េកាំងកំពុងបន្ដ ជំរុញការចរចាសន្ដិភាព និង ជំរុញឲ្យមានបទឈប់បាញ់ជាបន្ទាន់។

យោងតាមអ្នកវិភាគមួយចំនួនបានលើកឡើងថា ប្រសិនបើទីក្រុងប៉េកាំងពង្រីកការគាំទ្រផ្នែកយោធាដល់រុស្សី នោះវាអាចផ្លាស់ប្ដូរការប្រឈមមុខដាក់គ្នាឆ្លងមហាសមុទ្រអាត្លង់ទិកដែលផ្ទុះរួចជាស្រេច ហើយទៅជាជម្លោះសកល ដែលលោកខាងលិចអាចនឹងប្រឆាំងជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំទី២ របស់ពិភពលោក ជាពិសេសវាក៏អាចបង្កឲ្យមានភាពចលាចលនៅលើទីផ្សារអន្តរជាតិផងដែរ។ ខណៈដែលក្រសួងការបរទេសចិនបាននិយាយថា លោកខាងលិចត្រូវតែយកកង្វល់សន្តិសុខរបស់រុស្សីមកពិចារណា ស្របពេលដែលចក្រភពអង់គ្លេស និង អ៊ុយក្រែន ក៏បានអំពាវនាវឲ្យចិនចូលរួមថ្កោលទោសការឈ្លានពានយ៉ាងព្រៃផ្សៃរបស់រុស្សីលើអ៊ុយក្រែន៕

ប្រភព៖ The Manila Times

Telegram-Troryorng
Share.