ល្បែងខ្មែរ មានច្រើនបែប ល្បែងខ្លះគេលេងតែក្នុងពេលថ្ងៃ ល្បែងខ្លះគេលេង​តែក្នុង​ពេល​យប់​ខែ​ភ្លឺ ល្បែងខ្លះគេលេងតែក្នុងពេល បុណ្យមានបុណ្យចូលឆ្នាំជាដើម ល្បែង​ខ្លះគេលេង​មិនកំណត់​ពេល ។ ល្បែងដែលលេងតែក្នុងពេលយប់ខែភ្លឺ ហើយមិនចាំបាច់មាន បុណ្យទានអ្វីនោះ មាន ល្បែង​ឱប​ត្រឡាច ឬ បេះឪឡឹក ជាដើម ។ ល្បែងនេះ​ ជាល្បែងកំសាន្តសប្បាយ របស់​ពួក​កុមារា​កុមារី​នៅ​គ្រប់​និគមជនបទ នៃប្រទេស​ កម្ពុជា ។

សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ ៖

របៀបលេង មុនដំបូង ពូកកុមារប្រុសស្រី ស្រុះស្រួលចិត្តបបួលគ្នាឲ្យមានចំនួនច្រើន រួចហើយ​គេ​​ចាត់ ម្នាក់ឲ្យធ្វើម្ចាស់ត្រឡាច ឬ ឪឡឹកម្នាក់ទៀតឲ្យធ្វើជាអ្នកទិញ សល់ប៉ុន្មាន​គេឲ្យ​ធ្វើ​ត្រឡាច ឬ ឪឡឹកទាំងអស់ ហើយអ្នកលេងទាំងនោះ គេសំដៅទៅរកគល់ឈើ ឬដង្គត់អ្វីមួយ ឲ្យតែមានទំហំល្មមឱបបាន ដោយហោចទៅ សសរផ្ទះក៏បានដែរ ឲ្យតែជាទីវាលស្រឡះល្អ ។ កាល​បានកន្លែងស្រួលបួលហើយ ក្មេងម្នាក់ជាទី១ ក្នុងកណ្តាក្មេង ដែលគេឲ្យធ្វើត្រឡាច ឬ ឪឡឹក​នោះ អង្គុយឱបដើមឈើ ឬសសរនោះទាំងជើងទាំងដៃ ក្មេងម្នាក់ទៀតទី២ អង្គុយ ឱប​ចង្កេះ​យកជើងទាំងពីរដាក់លើភ្លៅក្មេងទី១ ក្មេងទី៣ យកដៃនឹងជើងឱបក្មេងទី២ ដូចក្មេងទី២ ឱប​ក្មេងទី១ ដែរ ឯក្មេងដទៃទៀតក៏បន្តគ្នារហួត ទាល់តែអស់ពួកក្មេងដែលត្រូវធ្វើជាត្រឡាច ឬ ឪឡឹក ។

ឯក្មេងម្នាក់ដែលគេឲ្យ ធ្វើជាម្ចាស់ត្រឡាច ឬឪឡឹកឈរធ្វើព្រងើយ ដើររេរាៗ ក្បែរ​ក្មេង​ជាត្រឡាច ឬ ឪឡឹកទាំងនោះ ហើយក្មេងម្នាក់ ទៀត ដែល​គេឲ្យ​ធ្វើជាអ្នកទិញមក​សួរតថ្លៃអ្នក​លក់​​ដូច​ជា​គេទិញធម្មតា ។ តថ្លៃគ្នាត្រូវរ៉ូវហើយ ក៏ឲ្យអ្នកទិញបេះ តាមចិត្ត ។ អ្នកទិញក៏​ដើរយក​ដៃគោះខ្នង​ក្មេងដែលអង្គុយឱបចង្កេះគ្នានោះ ។ គោះ​បណ្តើ​រ​សួរបណ្តើរថា ខ្ចី ឬ ទុំ?។ អ្នកបន្តៗ ពីដើម​ទៅ ចេះតែឆ្លើយថាខ្ចីៗ លុះដល់អ្នកចុងក្រោយផ្លែបំផុតទើបឆ្លើយថា ទុំ រួចអ្នកទិញ​បេះ​យក​អ្នក ដែលនៅចុងគេបំផុតនោះទៅ ដោយខំប្រឹងទាញមែនទែន ព្រោះអ្នកអង្គុយ​ឱបគ្នាគេខំ​រឹប​​ឱបចំ​កោងខ្នងតែរៀង ខ្លួនតាំងពីអ្នកខាងចុងរហូតដល់អ្នកខាងគល់ រេចុះឡើង ដោយអ្នកបេះ​ប្រឹង​ទាញខ្លាំងពេក ។

អ្នកបេះក៏បេះប្រលេះ បានមួយម្តងដរាបដល់អស់មនុស្ស ជួនកាលក៏បេះ​បាន ២.៣.៤.៥ នាក់ តាមដែលអ្នកខាងដើមឱបជាប់ ឬមិនជាប់ បេះបានប៉ុន្មានយកមកដាក់១ដុំ បើអ្នកទិញបេះមិនបាន ដោយកម្លាំងខ្សោយជាងគេនោះ ក៏រើលេងសាជាថ្មីម្តត ទៀត ។ ឯ​អ្នក​លក់​​អ្នកទិញត្រឡាចទៅធ្វើជាអ្នកឱប ហើយអ្នកឱបមុនក៏ប្តួរទៅធ្វើជាអ្នកលក់ អ្នកទិញវិញ​។ គេធ្វើ ដោយរបៀបនេះរហូតដល់ពេលឈប់លេង ។

ល្បែងនេះ ជាកីឡារបស់ខ្មែរសម័យបុរាណ សម្រាប់ហាត់ដៃហាត់ជើង ឲ្យមាន​កម្លាំង​ពលំ​មាំមួន ឲ្យមាន សាច់ដុំល្អ មានសុខភាពស្រួលបួល ៕

សូមចូលអាន-ឈ្វេង​​យល់​​ប្រវត្តិ​​​ល្បែង​​ប្រជាប្រិយ​​ខ្មែរ​​៖ ទីប្រាំ​ ល្បែង​លាក់​កន្សែង​!​

សូមចូលអាន-ឈ្វេង​យល់​ប្រវត្តិ​​ល្បែង​ប្រជាប្រិយ​ខ្មែរ​៖ ទីបួន ល្បែងលោតអន្ទាក់​!

សូមចូលអាន-ឈ្វេង​យល់​ប្រវត្តិ​​ល្បែង​ប្រជាប្រិយ​ខ្មែរ​៖ ទីបី ល្បែង​ចាប់​កូន​ខ្លែង​!

Telegram-Troryorng
Share.