កាលពីថ្ងៃម្សិលមិញ មហាជនមួយចំនួនធំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលហ្វេសប៊ុកផេកមួយចំនួន បានដុតដៃគ្នាបង្ហោះពីដំណឹង Fake News ដោយប្រើចំណងជើងថា វីរៈសិល្បករអាយ៉ៃ ព្រហ្មម៉ាញ បានស្លា.ប់បាត់បង់ជីវិតហើយ។ ប៉ុន្ដែដំណឹងនេះមិនមែនជាការពិតឡើយ ហើយបើតាមការអះអាងពីប្រភពអ្នកសិល្បៈ បានចេញមកបញ្ជាក់នៅលើបណ្ដាញសង្គមថា វីរៈសិល្បករអាយ៉ៃ ព្រហ្មម៉ាញ កំពុងសម្រាកព្យាបាលនៅពេទ្យលោកសង្ឃដដែលទេ រីឯសុខភាពលោកបានធូរស្រាលច្រើនហើយ ដូច្នេះហើយសូមសាធារណជនមេត្តាកុំមានការយល់ច្រឡំ។

ជាមួយគ្នានោះដែរ មានមហាជនអ្នកគាំទ្រជាច្រើននាក់ បានប្រតិកម្មចំពោះការបញ្ជូនដំណឹង Fake News នេះ ដោយមានអ្នកខ្លះនិយាយថា៖ «អ្នកណាចិត្តខ្មៅម្ល៉េះ ហ៊ានមកប្រមាថអាយុជីវិតលោកអ៊ំបែបនេះ
សូមឱ្យលោកអ៊ំឆាប់ជាដូចដើមវិញ🙏»។ ខ្លះទៀតថា «ឆ្ងល់ដែលមិនដឹងថាគាត់ធ្វើចឹងបានអី ដល់ថ្នាក់យកជីវិតគេមកលេងសើច បើប៉ះចំគ្រួសារគាត់គេធ្វើចឹងមានអារម្មណ៏ម៉ិចវិញ។ ឬក៏ចង់បានLike បានShare ឬនិយាយឱ្យចំចង់បានលុយដោយមិនខ្វល់ពីអារម្មណ៏អ្នកដទៃ»។ ហើយអ្នកទៀតរិះគន់ថា៖ «ហឺ មនុស្សអើយមនុស្ស មិនពិតក៏និយាយដែល ខ្ញុំឃើញញាត់ពិសាបបរបាន ហើយនិយាយបានតើ»។

តែយ៉ាងណាមិញ អ្នកដែលបង្ហោះពីដំណឹងមិនពិតនោះ បានលុបចោលនូវអ្វីដែលខ្លួនឯងបានបង្ហោះទៅវិញ ដែលជាហេតុធ្វើឱ្យមហាជនយល់ឃើញថា ជាការគេញចំណេញរកភាពទាក់ទាញ។ បើតាមប្រសាសន៍របស់លោក ព្រហ្មម៉ាញ បាននិយាយនៅក្នុងវីដេអូពីគ្រែមន្ទីរពេទ្យប្រាប់ថា៖ «បង្ហោះអ្វីមិនពិត យើងកែវិញទៅ ព្រោះថាយើងអាចកែបានទេតើ។ អ៊ីចឹងខ្ញុំសូមផ្ដាំថា ខ្ញុំមិនទាន់អីទេ ហើយនៅតែមានគំនិតថា នៅបម្រើការងារបង្ហាត់បង្រៀនក្មេងៗជាន់ក្រោយនឹងឱ្យចេះខាងផ្នែកអាយ៉ៃហ្នឹង ដោយសារវាតិចណាស់។ អ៊ីចឹង គួរតែជួយអភិរក្ស»។ លោកបានបន្តទៀតថា៖ «នៅអាស៊ី មានតែខ្មែរទេដែលមានអាយ៉ៃនោះ ក្រៅពីហ្នឹងគ្រាន់តែមានកន្ត្រឹម មានឡាំអ៊ឺន មានឡាំទើយ ឡាំទិត ដែលខាងខ្មែរសុរិន្ទ ឬក៏ជនលាវអី ថៃអី មានអ៊ីចឹង។ ប៉ុន្ដែគ្រាន់តែថា អាយ៉ែនេះ ប៉ុន្មានប្រទេសនៅអាស៊ីគឺថាមិនមានទេ កុំថាតែដល់អឺរ៉ុប ព្រោះអឹរ៉ុបមិនមានអាយ៉ៃទេ ទោះអាស៊ីមានស្រដៀងៗគ្នា​ តែខ្វះអាយ៉ៃហ្នឹងមួយ ដែលមានតែខ្មែរទេ»។

យ៉ាងណាក្ដីវីរៈសិល្បករអាយ៉ៃ ព្រហ្មម៉ាញ បានបញ្ជាក់ឱ្យមហាជនដឹងពីបំណងចុងក្រោយទៀតថា៖ «ហើយខ្ញុំក៏មានបំណងមួយ មុននឹងអស់ជីវិតទៅគឺខ្ញុំបង្រៀន។ ឥឡូវនេះខ្ញុំបង្រៀន បាន១ឆ្នាំមុនមានរៀបចំប្រឡងឱ្យកូនសិស្សហើយ បានដឹងស្នាដៃកូនសិស្ស ដល់មកកូវីដនេះ យើងរក្សាគម្លាត និងបានធ្វើសាលាថ្មី ហើយចាប់ចូលរៀនតាំងពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២មកម្ល៉េះ»។

វីរៈសិល្បករអាយ៉ៃ ព្រហ្មម៉ាញ បានបញ្ជាក់ពីស្ថានភាពសុខភាពរបស់លោកនៅពេលនេះថា លោកបាត់អាការវិលមុខហើយ និងអាចដើរទៅបន្ទប់ទឹកដោយខ្លួន​ឯងបាន។ ក្រោយទទួលដំណឹងអកុសលបែបនេះ លោកថាមានមនុស្សច្រើនណាស់ដែលអន់ចិត្ត ប៉ុន្ដែលោកមិនបានប្រកាន់ទោសអីនោះទេ៕

សូមទស្សនាវីដេអូនេះ៖

សូមទស្សនាវីដេអូ Big News៖

Telegram-Troryorng
Share.