ភ្នំពេញ ៖ ផ្ទះល្វែងរបស់អាជីវករ ស្តុក លក់ឥវ៉ាន់មួយកន្លែង ត្រូវបានភ្លើងឆាបឆេះ សម្ភារៈ ឥវ៉ាន់ក្នុងផ្ទះអស់មួយចំ នួន ក្រោយពីម្ចាស់ផ្ទះដុតធូបសែនថ្ងៃសីល សំណាងល្អ បានបងប្អូនប្រជាពលរដ្ឋក្បែរខាង អាជ្ញាធរ សមត្ថកិច្ច និង រថយន្តពន្លត់អគ្គិភ័យ ជួយទាល់ពេលវេលា ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ក្រុមទី៣ ភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះរងគ្រោះមាន ឈ្មោះ ហុង ចាន់ណា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរជាអាជីវករ លក់ដូរ សម្ភារៈផ្ទះបាយ ឥវ៉ាន់ គ្រប់មុខ ។

ម្ចាស់ផ្ទះបានឲ្យដឹងថា គាត់ធ្លាប់រងគ្រោះដោយសារអគ្គិភ័យនេះម្តងរួចមកហើយ ។កាលពីលើកទី១ នៅព្រលឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ភ្លើងឆេះផ្ទះ របស់គាត់មួយកន្លែង តាមផ្លូវចោមចៅ ទល់មុខផ្សារត្រពាំងថ្លឹង ឆេះអស់ ពូក ខ្លើយ ឥវ៉ាន់ស្តុកក្នុងផ្ទះអស់ទាំងស្រុង ដោយសារទុស្សេខ្សែភ្លើងលើបង្គោលខាងក្រៅផ្ទះ។ ស្រាប់តែមកដល់លើកនេះ ដោយសារដុតធូបសែនថ្ងៃសីល រវល់តែរៀបឥវ៉ាន់ខាងមុខ ធ្វើឲ្យភ្លើងធូប ឆេះរាលដល់កេស ប្រអប់ ក្រដាស ដាក់គរក្បែរនោះ សំណាងល្អបានបងប្អូនប្រជាពលរដ្ឋក្បែរខាង ជួយយកបំពង់ពន្លត់អគ្គិភ័យ ទុយោទឹកបាញ់ពន្លត់ទាន់ ខូចខាតតែឥវ៉ាន់ ប្រអប់ បំពង់ទឹកក្តៅ អស់មួយចំនួន ។

ហេតុការណ៍ខាងលើបានធ្វើឲ្យផ្អើលពលរដ្ឋក្បែរខាង សមត្ថកិច្ច អាជ្ញាធរ និងរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចេញ ទៅអន្តរាគមន៍ តែត្រូវបានពលរដ្ឋជួយបាញ់ទឹកពន្លត់ភ្លើងឲ្យរលត់ទៅវិញហើយ ដោយខូចខាតឥវ៉ាន់អស់មួយចំនួន តែមិនបង្កឲ្យមានអ្នកណារងរបួសទេ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Telegram-Troryorng
Share.