លោក Fandi Ahmad ដែលជាអតីតសមាជិករបស់ក្រុមជម្រើសជាតិសិង្ហបុរី ដ៏ល្បីល្បាញមួយរូបចន្លោះឆ្នាំ១៩៧៩/៩៧ មានកូនប្រុស៣នាក់មានឈ្មោះដូចជា៖ Irfan Fandi, Ikhsan Fandi និង Ilhan Fandi បានចូលលេងជុំគ្នាជាលើកដំបូងឱ្យក្រុមជម្រើសជាតិសិង្ហបុរី ព្រមទាំងបានយកឈ្នះ ម៉ាឡេសុី ក្នុងលទ្ធផល ២-១ សម្រាប់ជំនួបមិត្តភាពនៅក្នុងពហុកីឡដ្ឋានជាតិសិង្ហបុរី កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។
– កូនទី១ Irfan Fandi កើតនៅឆ្នាំ១៩៩៧ ធ្លាប់លេងឱ្យក្រុម Universidad Católica នៅលីគកំពូលប្រទេសឈីលី ក្នុងជើងទី១ឆ្នាំ២០១៥ ហើយជើងទី២បានប្តូរទៅចូលរួមក្រុម Young Lions នៅស្រុកកំណើតវិញ។ ខ្សែបម្រើកណ្ដាលរូបនេះ បានចេញទៅចូលរួមជាមួយក្រុម Home United នៅឆ្នាំ២០១៦-១៧ និងឆ្នាំ២០១៨ ត្រឡប់ទៅក្រៅ Young Lions វិញ។ ចាប់ពីឆ្នាំ២០១៩ រូបគេបានចូលរួមក្នុងបញ្ជីកូតាកីឡាករអាស៊ាននៅលីគប្រទេសថៃ ជាមួយក្រុម BG Pathum United ហើយគេជាកីឡាករដំបូងរបស់សិង្ហបុរី ដែលឈ្នះពានរង្វាន់លីគកំពូលថៃដែរ។
– កូនទី២ Ikhsan Fandi វិញកើតនៅឆ្នាំ១៩៩៩ ជាខ្សែប្រយុទ្ធ កំពុងប្រកបអាជីពនៅក្លិបបាល់ទាត់Jerv សមាជិកក្នុងពានរង្វាន់លីគលំដាប់ទី២ប្រទេសន័រវែស។ ខ្សែប្រយុទ្ធរូបនេះមានកម្ពស់ ១.៨៣ម៉ែត្រ បានចុះកិច្ចសន្យាកីឡាករអាជីពដំបូងជាមួយក្រុម Home United នៅឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៧-១៨ បានចូលរួមក្រុម Young Lions និងនៅឆ្នាំ២០១៩-២០ ចូលរួមក្នុងក្រុម Raufoss សមាជិកពានរង្វាន់លីគទី២ប្រទេសន័រវែស ហើយថ្មីៗនេះចុងឆ្នាំ២០២១ ផ្លាស់ទៅចូលរួមលីគប្រទេសថៃ ជាមួយក្រុម BG Pathum United ដូចបងប្រុសខ្លួន។
– កូនទី៣ Ilhan Fandi កើតនៅឆ្នាំ២០០២ ជាខ្សែបម្រើ-ប្រយុទ្ធ នៅក្នុងក្រុម Young Lions ក្នុងលីគសិង្ហបុរី។ រូបគេពាក់អាវលេខ១៧ក្នុងក្រុមនេះ គិតចាប់ពីចុះកិច្ចសន្យាកីឡាករអាជីពពីឆ្នាំ២០១៩ មក។ កីឡាកររូបនេះធ្លាប់ហ្វឹកហាត់នៅថ្នាលយុវជន i2i Football Academy ក្នុងប្រទេសអង់គ្លេស ដែលមានទំនាក់ទំនងជាមួយក្លិប Leeds United អំឡុងពេលសិក្សានៅ Queen Ethelburga’s College ក្នុងទីក្រុង York៕