បាត់ដំបង៖ យុវជនម្នាក់បន្ទាប់ពីសុំលុយឪពុកចាយមិនបាន កើតចិត្តខឹងទាញខ្វែវកាប់បំផ្លាញផ្ទះ រួចដុតសម្ភារៈក្នុងផ្ទះអស់ជាច្រើន​ ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៨:០០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅក្រុមទី០៨ ក្នុងភូមិនិគមកណ្ដាល ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

នគរបាលបានឲ្យដឹងថា ដំបូងឡើយកូនប្រុសចិត្តខ្លាំងរូបនេះបានសុំលុយឪពុកដើម្បីចាយវាយ ប៉ុន្តែឪពុកមិនព្រមអោយ ដោយបានស្តីបន្ទោស និងអប់រំទូន្មានឲ្យខំស្វះស្វែងរកការងារធ្វើកុំឲ្យចាំតែលាដៃសុំលុយឪពុកម្តាយបែបនេះ ។ភ្លាមនោះជនបង្កជាកូនទប់ចិត្តមិនបានក៏បានស្ទុះទៅទាញយកកាំបិតខ្វែវកាប់ទៅលើជញ្ជាំងផ្ទះបណ្តាលឲ្យធ្លុះធ្លាយជាច្រើនកន្លែង ព្រមទាំងបានដុតបំផ្លាញ គ្រែ តុ ទូ និងសម្ភារ:ក្នុងផ្ទះអស់ជាច្រើន ហើយភ្លាមៗនោះ នគរបាលស្រុកថ្មគោលបានចេញមកជួយអន្តរាគមន៍ ជួយបាញ់ទឹកពន្លត់ និងបាននាំខ្លួនជនបង្កមកកាន់អធិការដ្ឋាននគរបាលតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរៀបចំសំណុំរឿងតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.