ភ្នំពេញ៖ បុរសជាសន្តិសុខ៣នាក់ បានប្រើហឹង្សាលើយុវជនម្នាក់រងរបួស ស្ថិតនៅតាមបណ្តោយផ្លូវ សបិទ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២២។

យោងតាមប្រភពព័ត៌មានពីយុវជនដែលជាជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុខ្លួនចេញពីធ្វើការបាន ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer ពណ៌ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1GP-3742 ហើយតែងតែមក យកបងស្រីនៅកន្លែងធ្វើការ (កន្លែងកើតហេតុ) ដោយរាល់ពេលចូលទៅយកភាគីខាងសន្តិសុខ មិនដែលសួរនាំឡើយ ដោយថ្ងៃនេះពេលចូលទៅយកបងស្រីរបស់ខ្លួន ប៉ុន្តែមិនបានឃើញ ព្រោះបងស្រីបានចេញទៅផ្ទះមុនទៅហើយយុវជនជាជនរងគ្រោះបានជិះម៉ូតូចេញមកវិញ ចៃដន្យបានរអិលដួល ភ្លាមៗនោះសន្តិសុខបីនាក់ដែលយាមនៅគោលដៅស្ទុះទៅវាយលើជនរងគ្រោះដោយចោទថាជាចោរថែមទាំងសម្លុតមិនអោយនិយាយអ្វីទាំងអស់។

បន្ទាប់មកជនរងគ្រោះបានទូរសព្ទ័ទំនាក់ទំនងទៅបងស្រីរបស់ខ្លួន និងក្រុមគ្រួសារមកដល់កន្លែងកើតហេតុភ្លាមៗដើម្បីធ្វើការដោះស្រាយ។

ក្រោយកើតហេតុភ្លាមៗក៏មានកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានមកដល់រួចធ្វើការសម្របសម្រួល ដោយ ភាគីខាងម្ចាស់ទីតាំងព្រមសងសំណង២០០$ជូនដល់ជនរងគ្រោះជំនួសសន្តិសុខទាំង៣ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Telegram-Troryorng
Share.