យុគសម័យថ្មីនៃបាល់ទាត់អាជីពនៅកម្ពុជា ក្រុមហ៊ុនលីគត្រូវបានបង្កើតឡើង។ ស្របជាមួយបេសកម្មជាច្រើនដែលក្រុមលីគត្រូវបំពេញ ទីតាំងការិយាល័យក៏ជាចំណុចសំខាន់មួយផងដែរ ដើម្បីជាផ្នែកឈានទៅសំរេចបានផែនការទាំងនោះ។

ជាក់ស្ដែងទីតាំងការិយាល័យគឺស្ថិតនៅក្នុងអគារពាណិជ្ជកម្ម The Point ដែលជាទីប្រជុំដោយផ្លាកសញ្ញាល្បីៗជាច្រើន។ ការជ្រើសរើសទីតាំងក៏ដោយសារតែការសំឡឹងឃើញ ភាពងាយស្រួល និងសុត្ថិភាព សំរាប់បុគ្គលិកបំរើការ និងភាពងាយស្រួលសំរាប់ជួបពិភាក្សា និងបំពេញការងារប្រចាំថ្ងៃសំរាប់អ្នកពាក់ពន្ធ័ទាំងអស់។ ស្ថិតនៅជាន់ទី១ នៃអគារ លំហរមួយដែលជាប់ជាមួយនឹងជញ្ជាំងកញ្ចក់ធំៗ ផ្ទៃខាងក្រោមក្រាលដោយស៊ីម៉ង់ ធម្មតា អ្វីៗហាក់មិនទាន់សំរបបានសោះ ក្នុងតំរូវការប្រើប្រាស់ជាការិយាល័យ។

តំរូវការសំរាប់មនុស្សធ្វើការ ជិត ៣០នាក់ ក្នុងលំហរមួយដែលមានទំហំប្រមាណជា ១០០ម២ ប៉ុណ្ណោះ វាជាកាលំបាកមួយដើម្បីធានាថា ផលិតភាព និងផាសុខភាព របស់បុគ្គលិកនៅតែរក្សាបាន។ នៅពេលជាមួយគ្នានោះ ជំនួបជាមួយស្ថាបត្យករមួយក្រុមដែលមានឈ្មោះថា KOOU Architects ត្រូវបានធ្វើឡើង ។ ក្រុមស្ថាបត្យករបានសំឡឹងឃើញចំណុចវិជ្ជមានពីពន្លឺ និងទេសភាពចេញពីបង្អូចកញ្ចក់ដែលនៅក្បែរនោះ ក្រោយបានស្ដាប់ការបកស្រាយអំពីសេចក្ដីត្រូវការក្នុងការប្រើប្រាស់ ពីសំណាក់នាយកប្រត្តិបត្តិ លោកសាតូស៊ី ក្រុមស្ថាបត្យករបានរកឃើញតំណោះស្រាយសំរាប់បញ្ហាប្រឈមនៅទីនេះ។

ជំរើសនៃការរចនាផ្នែកខាងក្នុងជាច្រើនត្រូវបានលើកស្នើរ នៅសប្ដាហ៍បន្ទាប់ តែក្នុងនោះមានជំរើសមួយដែលមានការពេញចិត្តទាំង ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនលីគ និងស្ថាបត្យករ ។

ជំរើសនោះគឺបង្កើតឡើងដោយទស្សនៈ មួយគឺ ដោះលែងសេរីភាពអោយលំហរ Emancipating Space មិនទាន់មានការបកស្រាយលំអិតអំពីគំនិត និងការរៀបចំខាងលើនោះទេ តែជាការសង្ខេបអោយដឹងពីសំណាក់ស្ថាបត្យករដែលរចនាការិយាល័យខាងលើ បានអោយដឹងថា គំនិតដោះលែងសេរីភាពអោយលំហរនេះ គឺចង់សំដៅទៅលើការរៀបចំលំហរប្រើប្រាស់ក្នុងការិយាល័យនេះ ដោយគ្មានទេជញ្ជាំងឥដ្ឋខណ្ឌផ្ដាច់គ្នាពីបន្ទប់បិតជិតមួយទៅបន្ទប់បិតជិតមួយទៀត ហើយគ្មានលំហរប្រើប្រាស់ណាមួយក្នុងនេះ គ្មានពន្លឺធម្មជាតិចូលនោះទេ ហើយពួកគេច្បាស់ថា ពន្លឺគឺតែងផ្ដល់អោយនៅភាពច្នៃប្រឌិត និងផលិតភាព សំរាប់បុគ្គលិកបំរើការងារ ក្នុងការិយាល័យ ការមើលគ្នាឃើញទៅវិញទៅមក ឆ្លងកាត់ស្រទាប់កញ្ចក់ថ្លាឆ្វង់ ក៏ជាសេរីភាពមួយដែលធ្វើអោយដែនកំណត់នៃគំនិត បានឈានឡើងទៅមុខមួយកំរិតទៀត ដែលនេះហើយជាបំណងធំនៃការរចនា ក្រៅពីនោះការសន្សំសំចៃ ការរចនាអោយត្រូវតួនាទីប្រើប្រាស់ និងប្រកាន់ខ្ជាប់សោភ័ណភាព ក៏កិច្ចចាំបាច់ដែលត្រូវរក្សាបានដូចគ្នា។

សំរាប់ស្ថាបត្យករដែលរចនាការិយាល័យនេះ ដោះលែងសេរីភាពអោយលំហរ ក៏ជាការដោះលែងសេរីភាពអោយគំនិត ហើយភាពច្នៃប្រឌិតរបស់ក្រុមការងារដែលបានមកពីនេះហើយជាកត្តាសំខាន់សំរាប់សំរេចបានគោលដៅធំៗរបស់ក្រុមហ៊ុនលីគដូចគ្នា៕

Telegram-Troryorng
Share.