ប្រេស៊ីល – សារព័ត៌មាន​បរទេស​បាន​ផ្សព្វផ្សាយ​រឿងរ៉ាវ​​របស់​ Arthur Urso អ្នក​បង្ហាញ​ម៉ូដ​ជនជាតិ​ប្រេស៊ីល​ ដែល​ធ្លាប់​ត្រូវ​បាន​សារព័ត៌មាន​ផ្សាយ​យ៉ាង​គគ្រឹក​គគ្រេង​ពេល​គេ​រៀបការ​មាន​ភរិយា​រហូត​ដល់​៩​នាក់​ ហើយ​រស់​នៅ​ក្នុង​ជីវិត​ប្ដី​១​ ប្រពន្ធ​៩​ យ៉ាង​រីករាយ​ ទោះ​ជា​ការ​ប្រើប្រាស់​ជីវិត​អាពាហ៍ពិពាហ៍​បែប​នេះ​នៅ​មិន​ទាន់​ស្រប​ច្បាប់​ក្នុង​ប្រទេស​ប្រេស៊ីល​ក្ដី​។

ថ្មី​ៗ​នេះ​តារា​ម៉ូដែល​រូប​សង្ហា​និង​ភរិយា​​ទាំង​អស់​របស់​គេ​បាន​ត្រលប់​មក​បង្ហាញ​វត្តមាន​លើ​សារ​ព័ត៌មាន​ជា​ថ្មី​ម្ដង​ទៀត​នោ​ពេល​ដែល​លោក​ត្រូវ​ភរិយា​ម្នាក់​​ឈ្មោះ​ Agatha បាន​ស្នើ​សុំ​​លែង​លះ​លោក​ដោយ​សារ​តែ​មិន​ចង់​ប្រើប្រាស់​ជីវិត​ប្ដី​មួយ​ប្រពន្ធ​ច្រើន​បែប​​នេះ​ជាបន្ត​ទៀត​។

«នាង​ចង់​បាន​ខ្ញុំ​​តែ​ម្នាក់​ឯង​ រឿង​នេះ​ពិត​ជា​អត់​ប្រយោជន៍​ទាល់​តែ​សោះ​»​ សម្ដី​ Arthur បាន​ផ្ដល់​សម្ភាសន៍​ជា​បន្ត​ទៀត​ថា​ «ខ្ញុំ​ពិត​ជា​ឈឺចាប់​និង​សោកសៅ​ណាស់​ដែល​ត្រូវ​បញ្ចប់​សម្ព័ន្ធ​ភាព​ជាមួយ​នឹង​ភរិយា​ ប៉ុន្តែ​នៅ​ពេល​នឹក​ដល់​រឿង​ដែល​នាង​ចោទ​ប្រកាន់​ខ្ញុំ​ ខ្ញុំ​ពិត​ជា​ពិបាក​នឹង​ជឿ​ណាស់​»។

បុរស​​ជា​តារា​បង្ហាញ​ម៉ូដ​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ភរិយា​ទាំង​៨​នាក់​ដែល​នៅ​សេសសល់​របស់​ខ្លួន​ក៏​មិន​ពេញ​ចិត្ត​ចំពោះ​រឿង​នេះ​ដូច​គ្នា​ហើយ​គិត​ថា​ជា​រឿង​ល្អ​ដែល​ Agatha សម្រេច​ចិត្ត​ដើរ​ចេញ​ដោយ​ខ្លួន​ឯង​ ព្រោះ​មុន​នេះ​គ្រប់​គ្នា​បាន​ព្រមព្រៀង​គ្នា​ហើយ​ថា​នឹង​ប្រើ​ប្រាស់​ជីវិត​រួម​គ្នា​ដោយ​មាន​គោលដៅ​តែមួយ​គឺ​តស៊ូ​ប្រឈម​នឹង​ឧបសគ្គ​នៃ​ជីវិត​គូ​បែប​ «សេរី​» មិនមែន​​ការ​ប្រើ​​ប្រាស់​អារម្មណ៍​ផ្សារ​ភ្ជាប់​គ្នា​របៀប​គ្របគ្រង​តែ​ម្នាក់​ៗ​ដូច​គូ​គេ​ផ្សេង​នោះ​ឡើយ​។

បុរស​ដែល​សល់​ត្រឹម​ប្រពន្ធ​៨នាក់​រូប​នេះ​បាន​បន្ត​ទៀ​ត​ថា​ លោក​នឹង​មិន​ឈឺ​ចាប់​យូរ​ពេក​ទេ​ព្រោះ​លោក​បាន​ដាក់​គោលដៅ​រួចហើយ​ថា​នឹង​រៀបការ​ជាមួយ​​នឹង​នារី​២​នាក់​ទៀត​ ដើម្បី​ធ្វើ​តាម​ការ​តាំង​ចិត្ត​យក​ប្រពន្ធ​ឱ្យ​គ្រប់​១០​នាក់​ ហើយ​មាន​កូន​រាប់​សិប​នាក់​បន្ថែម​ទៀត​។

យោង​តាម​សារ​ព័ត៌មាន​ Daily Mail បាន​ផ្សាយ​ថា​ Arthur មាន​ក្ដី​ស្រលាញ់​ចំពោះ​ប្រពន្ធ​របស់​លោក​ទាំង​អស់​ស្មើ​ៗ​គ្នា​៕

ប្រភព៖ ndtv

Telegram-Troryorng
Share.