ដូចមហាជនអ្នកគាំទ្រភាពយន្តខ្មែរបានជ្រាបមកហើយថា លោក ហ្វៃ សំអាង ជាអ្នកដឹកនាំរឿងឆ្នើមម្នាក់ និងជាអ្នកជំនាញជើងចាស់លើវិស័យភាពយន្ដខ្មែរ ដោយកន្លងមកលោកធ្លាប់ទទួលបានជោគជ័យ រឿង​ «កូន​ពស់​កេង​កង»​ រឿង​ «ទុំ​ទាវ» រឿង​ «មរណ​មាតា» រឿង​ «ចៅ​ពស់​កេង​កង» រឿង​ «មន្ត​មាយា» រឿង​ «ភ្នំ​ទាប​ជាង​ស្មៅ» រឿង​ «ជាតិ​ស្ត្រី» និង​រឿង​ «ពិស​ស្នេហ៍»​ ជា​ដើម​ ។

យ៉ាងណាមិញ សម្រាប់រឿងភាគទូរទស្សន៍ហង្សមាស លោកក៏បានបញ្ចេញវណ្ណកម្មធំមួយដែលមានចំណងជើងថា «កូនពស់កេងកង»។ ថ្មីៗនេះ លោក ហ្វៃ សំអាង ក៏បានប្រកាសប្រាប់មហាជនអ្នកគាំទ្ររបស់លោកឱ្យដឹងថា លោកមានគម្រោងថ្មីមួយឱ្យទូរទស្សន៍ហង្សមាស ដែលជាការសហការគ្នារវាងលោក និង លោក យូ​ សុភា​ ជាអ្នកនិពន្ធល្បីឈ្មោះ។

លោក ហ្វៃ សំអាង បានរៀបរាប់ថា ៖ «ជម្រាប​សួរ​បងប្អូនដែលជាទស្សនិកជនគាំទ្រផលិតកម្ម​ ហង្សមាស​ និងរស្មីហង្សមាស ក៏​ដូច​ជា​បងប្អូនដែលនិយមគាំទ្រស្នាដៃ​ ដឹកនាំ​សម្ដែង​របស់​ខ្ញុំ​ នៅក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្ញុំ​ ថ្ងៃទី​១០​ខែមេសា​ ឆ្នាំ​២០២២នេះ​ ខ្ញុំមានទឹកចិត្តសប្បាយរីករាយ​ សូមបង្ហាញជូន​ នូវវណ្ណកម្មថ្មីដែលជាខ្សែភាពយន្តខ្នាតធំ​ និពន្ធឡើងដោយអ្នកនិពន្ធពីររួមគ្នា​ គឺលោក​ យូ​ សុភា​ និងលោក​ ហ្វៃ​ សំអាង​ ជា​ខ្សែ​ភាពយន្ត​ដែលបង្ហាញពី​អត្តសញ្ញាណ​ជាតិ​ មាន​ទាំង​អត្ថរស​​និង​អត្ថន័យ​ ក្រុម​ការងារ​ផលិត​កំពុងសម្រិត​សម្រាំង​តួសម្តែងដែលមានតួអង្គសំខាន់ៗជាង៤០នាក់​»។ លោក ហ្វៃ សំអាង បានសួរទៅកាន់អ្នកគាំទ្រទៀតថា ៖ «តើតារាប្រុស​ស្រី​ណាខ្លះដែលលោកអ្នក​ស្រ​ឡាញ់​ ពេញចិត្ត​ចង់​ឲ្យ​មានវត្តមាន​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​? »។

យ៉ាងណាក្ដី លោក ហ្វៃ សំអាង ក៏បានបង្ហើបទៀតថា រឿងភាគដ៏ល្អឯកនាពាក់កណ្ដាលឆ្នាំ២០២២នេះ មានចំណងជើងថា «អប្សរា​មហាអង្គរ​» ។ ដូច្នោះមានតែហ្វេនអ្នកគាំទ្រ រង់ចាំតាមដានទាំងអស់គ្នា ថាតើតារាដួងណាខ្លះនឹងលេចវត្តមាននៅក្នុងខ្សែភាពយន្តខ្នាតធំរបស់ផលិត​កម្ម​ហង្សមាសមួយនេះ?៕

Telegram-Troryorng
Share.