សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដេវីយ៉ានី ខូប្រាហ្គាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានអញ្ជើញប្រគល់និងទទួលជំនួយវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចំនួន២សែនដូស ពីរដ្ឋាភិបាលនិងប្រជាជនឥណ្ឌា ជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ។

វ៉ាក់សាំង២សែនដូសនេះជាចំណែកនៃជំនួយវ៉ាក់សាំងសរុបដែលរដ្ឋាភិបាលនិងប្រជាជនឥណ្ឌា សម្រេចផ្តល់ជូនកម្ពុជាចំនួន៣២៥,០០០ដូស  ក្រោមគំនិតផ្ដួចផ្ដើមចតុភាគីនៃបណ្ដាក្រុមប្រទេសម្ចាស់ជំនួយ៤ រួមមានឥណ្ឌា អូស្ត្រាលី ជប៉ុន និងអាមេរិក។ តាមគម្រោងវ៉ាក់សាំង១២៥,០០០ដូសទៀត នឹងត្រូវដឹកមកដល់កម្ពុជានៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២។

ថ្លែងនាឱកាសប្រគល់វ៉ាក់សាំងជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា មានប្រសាសន៍ថាការផ្ដល់ជំនួយវ៉ាក់សាំងនាពេលនេះគឺជាការបង្ហាញអំពីស្មារតីជួយគ្នារវាងកម្ពុជា និងឥណ្ឌា ដែលជាប្រទេសមានចំណងទំនាក់ទំនងល្អជាមួយគ្នាដ៏យូរលង់មកហើយ ហើយថាឥណ្ឌានឹងបន្តផ្តល់ជំនួយវ៉ាក់សាំងនេះមកកាន់កម្ពុជានាពេលក្រោយបន្ថែមទៀត បើសិនកម្ពុជាត្រូវការ។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាវិញ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនឥណ្ឌាចំពោះការផ្ដល់អំណោយជាវ៉ាក់សាំងកូវីដ-១៩ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា និងបន្តថាអំណោយសប្បុរសធម៌ថ្លៃថ្លានេះជាសក្ខីភាពដ៏ពិតប្រាកដនៃចំណងមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជា និងឥណ្ឌានិ ងសមាជិកដទៃទៀតនៃគំនិតផ្ដួចផ្ដើមនេះ រួមទាំងដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី។

គួររម្លឹកថាកម្ពុជា ទទួលបានវ៉ាក់សាំងជាលើកដំបូងពីប្រទេសចិននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ និងបានចាប់ផ្តើមចាក់ជូនប្រជាពលរដ្ឋជាលើកដំបូងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ មកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងទាំងទិញ និងជំនួយសរុបជិត៥០លានដូស ហនិងមាននៅសល់ក្នុងស្តុកប្រមាណជិត៩លានទៀត។

ក្រសួងសុខាភិបាលបានឱ្យដឹងថាកម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ៣ឆ្នាំឡើង បានជាង៩២ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងនោះគិតត្រឹមថ្ងៃទី១០ ខែមេសា កម្ពុជា ចាក់ដូសទី១បានចំនួនជិត១៥លាននាក់ ដូសទី២បានជាង១៤លាននាក់ ដូសទី៣បានជាង ៨លាននាក់ និងដូសទី៤បានជាង១លាននាក់។

ព្រោះតែប្រសិទ្ធភាពនៃការចាក់វាំងនេះហើយ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យរៀបចំពិធីបុណ្យចូលថ្មីប្រពៃណីជាតិឡើងវិញ និងបានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសក្នុងខេត្ត៤រួមមានមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងព្រះវិហារ ខណៈកម្ពុជាក៏ទើបត្រូវបានកាសែតជប៉ុនសិក្សារកឃើញថា ជាប្រទេសចំណាត់ថ្នាក់លេខ២លើពិភពលោក ដែលបានស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ បានឆាប់រហ័ស៕

អត្ថបទ៖ រ៉េន រតនៈ

Share.