សៀមរាប ៖ អគ្គិភ័យឆាបឆេះរមូខ្សែភ្លើងសន្ធោសន្ធៅ ខូចខាតខ្សែភ្លើងទាំងថ្មី ចាស់ អស់ជាច្រើនដុំ សង្ស័យផ្តើមចេញពីដុតសំរាមទើបភ្លើងឆេះរាលដល់គំនរខ្សែភ្លើងចាស់ៗ កាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចឃ្លាំងស្តុកខ្សែភ្លេីអគ្គីសនី ក្នុងរោងចក្រអគ្គិសនីជប៉ុនស្ថិតនៅក្រុមទី៧ ភូមិខ្នារ (ចុងកៅស៊ូ) សង្កាត់ជ្រាវ ក្រុងសៀមរាប ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងខាងលើ ជាឃ្លាំងស្តុកខ្សែភ្លេីអគ្គីសនី របស់រោងចក្រអគ្គិសនីជប៉ុនកម្លាំង១០មេហ្គាវ៉ាត់ មានស្តុកដោយខ្សែភ្លើងចាស់ៗ និងខ្សែថ្មី ស្រាប់តែនៅវេលាម៉ោងខាងលើ កើតមានអគ្គិភ័យឆាបឆេះគំនរខ្សែភ្លើង ចាស់ៗ រាលដល់ខ្សែថ្មី សន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យចំនួន៧គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យកងរាជអាវុធហត្ថចំនួន ២គ្រឿង, រថយន្តអគ្គីភ័យពន្លត់របស់អាជ្ញាធរជាតិអប្សរាចំនួន ២គ្រឿង និងរថយន្តអគ្គីភ័យពន្លត់ របស់នគរបាលខេត្ត៣គ្រឿង ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង អស់រយ:ពេលជិត២ម៉ោង ភ្លើងត្រូវបានរលត់ទាំងស្រុងនៅវេលាម៉ោង១៥ និង៣០នាទី នារសៀលថ្ងៃដដែល ។ ខ្សែភ្លើងទាំងចាស់ ទាំងថ្មី រងខូចខាតអស់ចំនួន២៤ដុំ តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ។

តែទោះជាយ៉ាងណាក្តី សមត្ថកិច្ចបន្តស្រាវជ្រាវ ករណីខាងលើ ខណៈដែលទីតាំងភ្លើងឆេះនោះ ពុំមានចរន្តភ្លើង ឬខ្សែភ្លើងណាអូស តរាយឆ្លងកាត់ឡើយ នេះបើតាមការបញ្ជាក់ពីមន្ត្រីអគ្គិសនី ៕

Share.