រតនគិរី ៖ ក្មេងប្រុសស្រី៣នាក់ចុះទៅលេងទឹកទន្លេសេសាន ស្រុតខ្សាច់ធ្លាក់ចូលទឹកបណ្តាលឲ្យលង់ ស្លាប់២នាក់ សង្គ្រោះបាន១នាក់ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៥  ខែមេសា ឆ្នាំ ២០២២ ត្រង់ចំណុច ក្រោមស្ពាន សេសាន ស្ថិតនៅក្នុងភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ហើយទឹកហូរគួចបាត់ម្នាក់ រហូតដល់ល្ងាចថ្ងៃដដែល ទើបកម្លាំងសមត្ថកិច្ចស្វែងរកឃើញហើយ ។

លោក សោម ចាន់ដារ៉ា អធិការនគរបាលស្រុកអណ្ដូងមាសបានឲ្យដឹងដឹងថា ក្មេងចំនួន៣នាក់ ប្រុស១នាក់ ស្រី២នាក់ ចុះទៅលេងលើទួលខ្សាច់ក្នុងទន្លេសេសាន គាប់ជួនត្រូវបានទឹកហក់ឡើង ហូរ ច្រោះខ្សាច់ស្រុតធ្លាក់ លង់ បណ្តាលឲ្យស្លាប់២នាក់ ប្រុស១នាក់ ស្រី១នាក់ ចំណែកក្មេងស្រីម្នាក់ទៀតជួយសង្គ្រោះបាន ។

ក្មេងរងគ្រោះទាំង៣នាក់ ទី១ ឈ្មោះ ឌឿន ស្រីល័ក្ខ អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី(ស្លាប់) ។ ទី២ ឈ្មោះ វណ្ណ សុរ៉ាត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី(ស្លាប់) ។ ទី៣ ឈ្មោះ រី សម្ពស្ស ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ជួយសង្គ្រោះបាន ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីដែលទឹកហូរគួចបាត់ខ្លួន ហើយត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញនៅល្ងាចថ្ងៃដដែលនោះ ឈ្មោះ ឌឿន ស្រីល័ក្ខ ៕

Share.