កណ្តាល ៖ ក្មេងប្រុស២នាក់បងប្អូនលង់ទឹកស្រះស្លាប់ បន្ទាប់ពីនាំគ្នា ប្រុសស្រីចំនួន៨នាក់ឡើងជិះទូកលេងក្នុងស្រះទឹក ឃ្លីងឃ្លោង បណ្តាលឲ្យធ្លាក់ទឹក២នាក់បងប្អូន កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្រះទឹកដីចំការ លោកយូរ ប៊ុនឡេង ស្ថិតក្នុងភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះ២នាក់បងប្អូន ឈ្មោះ វ៉ៃ សុវណ្ណ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនិស្សិត មានទីលំនៅផ្ទះ១៦១ ក្រុម៧ ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវជាបង ។ និងឈ្មោះ វ៉ៃ សុលាភ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះ១៦១ ក្រុម៧ ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវជាប្អូន ។ ដែលមានឪពុកឈ្មោះ វ៉ៃ សាវី អាយុ៥០ឆ្នាំ មុខរបរ ជាងដែក និងម្តាយឈ្មោះ ហាក់ គឹមស្រ៊ាង អាយុ៤៩ឆ្នាំ មុខរបរ មេផ្ទះ ។

សមត្ថកិច្ចបន្តទៀតថា មុនកើតហេតុ មានក្មេងមួយក្រុម មានប្រុស មានស្រី ជិះម៉ូតូដើរលេង លុះនៅវេលារសៀល មានក្មេងប្រុសស្រីចំនួន៨នាក់ ចូលទៅជិះទូកលេងដែលគេដាក់ចោលនៅក្នុងស្រះទឹក ខណៈដែលអ្នកទាំង៨នាក់ឡើងជិះ ទូកឃ្លីងឃ្លោង រកកល់នឹងលិច បណ្តាលឲ្យជនរងគ្រោះ២នាក់បងប្អូនធ្លាក់ទឹក បណ្តាលឲ្យលង់ស្លាប់លិចបាត់ បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ អ្នកភូមិជួយរាវរកស្រង់បានម្នាក់ភ្លាមៗ ចំណែកម្នាក់ទៀត រាវរករហូតដល់វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃដដែលទើបរកសពឃើញ ។

សពជនរងគ្រោះ បន្ទាប់ពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យនៅផ្ទះ ឯខណ្ឌឫស្សីកែវ ៕

Share.