យោងតាមការចុះផ្សាយរបស់គេហទំព័រ Cambodia 2023 បានឲ្យដឹងថាខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលកំពុងសម្រាកព្យាបាលរបួសដាច់សរសៃជង្គង់ស្ដាំរបស់ខ្លួនរយៈពេលជាង៣ខែមកនេះ ចាប់ផ្តើមប្រសើរឡើងជាងមុន បន្ទាប់ពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

កីឡាកររបស់ក្លិបបឹងកេតរូបនេះ បានរងរបួសនៅក្នុងជំនួបជាមួយ ក្លិបវិសាខា ក្នុងពានរង្វាន់ត្រៀមមុនបើករដូវកាល (Pre-season Cup) កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅកីឡដ្ឋានព្រីនស៍ ហើយតម្រូវឲ្យមានការវះកាត់ និងសម្រាករយៈពេលយូរពី ៦ខែ ទៅ ៨ខែ។

អំពីស្ថានភាពរបួស ចាន់ វឌ្ឍនា បានប្រាប់យ៉ាងដូច្នេះថា៖ «ខ្ញុំអាចដើរបានហើយដោយមិនបាច់ប្រើឧបករណ៍អបជំនួយនោះទេ ហើយអាចធ្វើលំហាត់សាច់ដុំបានខ្លះៗវិញហើយផងដែរ»។

របួសនេះនឹងធ្វើឲ្យខ្សែប្រយុទ្ធជម្រើសជាតិរូបនេះ អវត្តមានពីពានរង្វាន់សំខាន់ៗជាច្រើនក្នុងឆ្នាំ២០២២ គឺ អាចមួយរដូវកាលពេញ នៃពានខេមបូឌានព្រីមៀរលីគ ក៏ដូចជាពានសម្តេចតេជោ ហ៊ុន សែន, ពានក្រៅស្រុកមានដូចជា វគ្គជម្រុះជុំទី៣ ជើងឯកអាស៊ី (AFC Asian Cup 2023), និងពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Suzuki Cup 2022) ជាដើម។ នេះបើតាមការបញ្ជាក់ដោយសាមីខ្លួនផ្ទាល់។

ភ្ជាប់ជាមួយគ្នា វឌ្ឍនាកា បាននិយាយទាំងសោកស្ដាយថា៖ «វាពិតជារឿងដ៏សោកស្ដាយដែលមិនអាចជួយទាំងក្លិប និងជម្រើសជាតិបាន»។

បែបនេះក្ដី នៅឆ្នាំ២០២៣ អាចចាត់ទុកថាជាឆ្នាំនៃការវិលត្រលប់ជាមួយនិងភាពខ្លាំងជាងមុន ប្រសិនបើការព្យាបាលជាសះស្បើយ ១០០ភាគរយ។ គាប់ជួនជាមួយពេលវេលានៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរនោះ កីឡាករវ័យ ២៨ឆ្នាំរូបនេះ រំពឹងយកការឈឺចាប់ពីរបួសរយៈពេលយូរកែប្រែប្រវត្តិសាស្តបាល់ទាត់កម្ពុជានៅស៊ីហ្គេម ប្រសិនបើអាចក្លាយជាផ្នែកមួយនៃក្រុម U23 កម្ពុជា ក្នុងនាមជាកីឡាករលើសអាយុ ២៣ឆ្នាំ។

«មិនមែនតែខ្ញុំនោះទេ តែវាជាក្ដីស្រមៃរបស់កីឡាករគ្រប់រូបដែលចង់ឈ្នះ (ស៊ីហ្គេម) និងកែប្រែប្រវត្តិសាស្រ្ត។ ខ្ញុំនឹងព្យាយាមតាមដែលអាចធ្វើទៅបាន»។ សម្ដីរបស់ ចាន់ វឌ្ឍនាកា៕

ប្រភព៖ Cambodia 2023

Telegram-Troryorng
Share.