ម្ដាយរបស់លោក Elon Musk ដែលជាមហាសេដ្ឋីដ៏ល្បីឈ្មោះ និង មានក្រុមហ៊ុនធំៗ ជាច្រើនក្ដោបក្នុងដៃដូចជា៖ SpaceX, Tesla Inc, The Boring company, Neuralink Corporation, OpenAI និង Paypal មានឈ្មោះថា Maye Haldeman ឬ Maye Musk បានកើតនៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ១៩៤៨ បច្ចុប្បន្ននាងមានអាយុ ៧៤ឆ្នាំហើយ។

អ្នកស្រី Maye Musk បានជួប និង ស្គាល់បុរសម្នាក់ដែលជាឪពុកបង្កើតរបស់លោក Elon Musk នៅវិទ្យាល័យ បុរសម្នាក់នោះមានឈ្មោះថា Errol Musk ក្រោយមកពួកគេបានរៀបការនៅឆ្នាំ​ ១៩៧០ ក្នុងវ័យ ២២ឆ្នាំ។ ក្រោយរៀបការពួកគេទទួលបានចំណងដៃអាពាហ៍ពិពាហ៍នូវកូនៗចំនួន ៣នាក់ ក្រោយមកពួកគេបានចែកផ្លូវគ្នា​ដោយសារតែអំពើហិង្សា។

អ្នកស្រី Maye Musk ត្រូវបានគេស្គាល់ថា ជាកំពូលតារាម៉ូដែលជនជាតិកាណាដា-អាហ្វ្រិកខាងត្បូង សព្វថ្ងៃនាងជាអ្នកនិពន្ធ ជាតារាម៉ូដែលដ៏ល្បី និង ជាអ្នកតមអាហារដែលមានអ្នកតាមដាននាងជាងកន្លះលាននាក់នៅក្នុងបណ្ដាញសង្គម Instagram ដោយបានបង្ហាញពីស្ទាយនៃការឈរ ការដើរ អាហារ និង ការតុបតែងខ្លួនដ៏ស្រស់ស្អាត។

Maye Musk ធ្លាប់ជាបេក្ខនារីចូលរួមប្រកួតប្រជែងសម្រស់បវកញ្ញាអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំ ១៩៦៩ ក្រោយមកនាងក៏មានឈ្មោះល្បីល្បាញ និង ត្រូវបានក្រុមហ៊ុនល្បីៗជាច្រើនអញ្ជើញឲ្យបង្ហាញម៉ូដផលិតផល រហូតដល់សព្វថ្ងៃនេះក្រោយពីអ្នកស្រីមានបទពិសោធន៍ខាងម៉ូដជាង ៥០ឆ្នាំមកហើយ។

អ្នកស្រី ក៏ជាអ្នកនិពន្ធសៀវភៅចំនួន ៣ក្បាលដូចជា៖ A Woman Makes a Plan បោះពុម្ភផ្សាយនៅឆ្នាំ ២០១៩, Feel Fantastic បោះពុម្ភផ្សាយនៅឆ្នាំ ១៩៩៦ និង Executive Stamina បោះពុម្ភផ្សាយនៅឆ្នាំ ១៩៩៩។

បើទោះបីជានៅឆ្នាំ២០២២នេះ អ្នកស្រី Maye Musk មានអាយុ ៧៤ឆ្នាំ យ៉ាងណាក្ដី ក៏កេរ្តិ៍ឈ្មោះរបស់អ្នកស្រីនៅតែមានភាពល្បីល្បាញ ដោយនៅតែបង្ហាញមុខលើក្របទស្សនាវដ្ដី និង លើឆាកបង្ហាញម៉ូដអន្តរជាតិជាហូរហែ ហើយអ្នកស្រីបានក្លាយជាតារាម៉ូដែលវ័យចំណាស់ដ៏ពេញនិយមបំផុត។

សូមជម្រាបថា គិតត្រឹមដើមឆ្នាំ ២០២២នេះ ទ្រព្យសម្បត្តិសរុបដែលបានមកពីជំនួញផ្ទាល់ របស់អ្នកស្រី Maye Musk ម្ដាយបង្កើតរបស់លោក Elon Musk មានចំនួនប្រមាណ ២០លានដុល្លាសហរដ្ឋអាមេរិក៕

ប្រភព៖ HOLA!

Telegram-Troryorng
Share.