ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាបញ្ហាប្រជាពលរដ្ឋនៅមូលដ្ឋានមិនមែនជារឿងតូចតាចនោះទេ។

ឯកឧត្តមបញ្ជាក់ថាសម្ដេចក្រឡាហោម ស ខេង ដោយមានក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពរប្រជាពលរដ្ឋ ជាសេនាធិការ បានទទួលដោះស្រាយបញ្ហាប្រជាពលរដ្ឋស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃបានជាច្រើនករណី។

ថ្លែងក្នុងកិច្ចសម្ភាសជាមួយអ្នកយកព័ត៌មានគេហទំព័រត្រយង ឯកឧត្តមបានទទូចឱ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងនៅក្រសួងមហាផ្ទៃ និងថ្នាក់ក្រោមជាតិកត់សម្គាល់ថា«បើបញ្ហាពលរដ្ឋជារឿងតូចតាច មិនមែនគាត់ប្ដឹងដល់សម្ដេចឯលើនេះទេ»។

សូមស្ដាប់កិច្ចសម្ភាសន៍ រវាងលោក រ៉េន រតនៈ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដូចខាងក្រោមនេះ៖

ការបញ្ជាក់របស់ឯកឧត្តម ខៀវ សុភ័គ បានធ្វើឡើងបន្ទាប់ពីកាលថ្ងៃទី១៩ ខែមេសា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់គប្បីខិតខំពន្លឿនការដោះស្រាយបញ្ហាប្រជាពលរដ្ឋ។

ក្នុងសារផ្ញើជូនជនរួមជាតិអំពីលទ្ធផលដោះស្រាយបញ្ហាពលរដ្ឋរយៈពេល៣ខែឆ្នាំនេះ សម្ដេចបានណែនាំទៀតថា«ការដោះស្រាយទាំងអស់នោះត្រូវតែធានាឱ្យបានល្អគ្រប់ជ្រុងជ្រោយពិតប្រាកដនៃបញ្ហានិងចប់ចុងចប់ដើមដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាលនោះទេ»។

បើតាមសម្ដេចក្រឡាហោម ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងទំព័រហ្វេសប៊ុករបស់សម្ដេច បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន២៦៩គណនី។

ក្រុមការងារក៏បានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន៥៨ គណនី និង១៣៧គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ សម្ដេចបន្តថាក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច។

យ៉ាងណាក៏ដោយសម្ដេចបានចាត់ទុកវឌ្ឍនភាពការងារនេះថាអាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់សម្ដេច៕

Share.