ផលិតកម្ម 5Star របស់ប្រទេសថៃបានបញ្ចេញភាពយន្តដែលមានចំណងជើងថា Pee Nak 3 ឬ « លោក​បង​ណាក់​ វគ្គ៣» ធ្វើឱ្យមហាជនអ្នកគាំទ្រទប់អារម្មណ៍មិនជាប់ បើទោះជាត្រូវបានដាក់បញ្ចាំងក្នុងបរិបទកូវីដ-១៩ ក៏ដោយ។ យ៉ាងណាមិញ តាមរយៈ វគ្គ ១ និងវគ្គ ២ នៃភាពយន្តមួយនេះ បានកើបចំណូលយ៉ាងច្រើនរួចមកហើយពីការលក់សំបុត្រ។

ដោយឡែក រោងភាពយន្តនៅកម្ពុជាក៏បានដាក់បញ្ចាំងស្វាគមន៍វគ្គ៣នេះ កាលថ្ងៃទី២០ មេសា ឆ្នាំ២០២២ ដោយហ្វេនបានទស្សនាសុទ្ធតែលានមាត់ថា ល្អមើលខ្លាំងមិនចាញ់វគ្គមុនៗឡើយ។

លោក សុខសិរីសុភា

បើតាមសម្ដីលោក សុខសិរីសុភា អ្នកនាំចូលនឹងចែកចាយកុនរបស់ក្រុមហ៊ុន Sabay MVP បានប្រាប់អ្នកសារព័ត៌មានត្រយងឱ្យដឹងថា មូលហេតុដែលនាំភាពយន្ត «លោកបងណាក់ វគ្គ៣» មកដាក់បញ្ចាំងនៅក្នុងប្រទេស​កម្ពុជា​នេះ ក៏ដោយសារតែភាពយន្តបានជោគជ័យបញ្ចាំង ២ដងរួចមកហើយ កាលពីវគ្គ១ និងវគ្គ ២។ ហើយនេះក៏ជាការបំពេញបំណងឱ្យហ្វេនអ្នកគាំទ្រដូចគ្នា ដែលពួកគាត់កំពុងទន្ទឹងចាំការទស្សនភាពយន្តវគ្គទី៣។

លោកក៏បានបង្ហើបឱ្យដឹងទៀតថា ក្រៅពីគម្រោងនាំភាពយន្តល្អៗមើលមកពីបរទេសហើយនោះ ក្រុមហ៊ុនរបស់លោកក៏មានគម្រោងផលិតភាពយន្តខ្មែរដែលមានគុណភាព និងស្ដង់ដាអន្តរជាតិដូចគ្នា ដើម្បីបំពេញតាមតម្រូវការអតិថិជន។

លោក អ៊ឹង ម៉េងគង់

ជាមួយគ្នានោះដែរ លោក អ៊ឹង ម៉េងគង់ ដែលមានតួនាទីជំនាញទីផ្សារនៃរោងភាពយន្ត Major Cineplex ក៏បានប្រាប់អ្នកសារព័ត៌មានត្រយងដែរថា បើទោះបីជារឿង «លោកបងណាក់ វគ្គ៣» មានការគាំទ្រខ្លាំង និងមានហ្វេនសម្រុកមកកក់សំបុត្រទស្សនាច្រើនក៏ដោយ ក៏ប៉ុន្តែខាងរោងភាពយន្តនៅតែបន្តគោលការណ៍គោរពតាមវិធានការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយកាត់បន្ថយម៉ោងចាក់បញ្ចាំង ព្រមទាំងវិធានការរបស់ក្រសួងសុខាភិបាល ដោយប្រកាន់ភ្ជាប់ ៣កុំ ៣ការពារ ផងដែរ។

គេបានដឹងថា ភាពយន្ត «លោកបងណាក់» ទាំង ២វគ្គ កន្លងមកនេះ ត្រូវបានដំណាលពីការដោះបណ្ដាសារនៃការបំបួសនាគមុនក្លាយជាភិក្ខុសង្ឃ។ តួអង្គសំខាន់ដែលមិនអាចបាត់វត្តមានបានពីភាពយន្តមួយនេះគឺ បាលូម និង ហ្វឺស។ រហូតមកដល់វគ្គទី ៣ នេះ អ្នកទាំងពីរក៏ជាតួអង្គសំខាន់ក្នុងការដោះបណ្ដាសារឱ្យតួអង្គនាគផងដែរ។ ចង់ដឹងសាច់រឿងពេញ ល្អមើលកម្រិតណានោះ កុំភ្លេចទៅទស្សនាទាំងអស់គ្នា និងកុំភ្លេចប្រាប់ Admin ផងថា ភាពយន្តនេះយ៉ាងណាដែរ? មានបញ្ចាំងនៅរោងភាពយន្តទូទាំងប្រទេស នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២នេះ។

សូមទស្សនាវីដេអូ Trailer ខាងក្រោមនេះ៖

https://youtu.be/AhDICZO5QwQ?t=1
Telegram-Troryorng
Share.