បន្ទាយមានជ័យ៖ បុណ្យចូលឆ្នាំថ្មីត្រូវបានបញ្ចប់ ប៉ុន្តែនៅតែឃើញមានពលរដ្ឋខ្មែរខ្លះនៅតែបន្តចូលមកកម្ពុជាវិញ ហើយក៏មានពលរដ្ឋខ្មែរមួយចំនួនបម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យផង ដែរ។

យោងតាមរបាយការណ៍ក្រុមការងារទទួលពលរដ្ឋខ្មែរច្រកអូរបីជាន់ ស្រុកអូរជ្រៅនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា មានពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃចូលកម្ពុជា តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅដែលក្រុមការងារទទួលបាន មានចំនួន៥៥នាក់ ក្នុងនោះមានស្រី៣០នាក់ កុមារ១២នាក់ ក្នុងពលរដ្ឋទាំង៥៥នាក់នោះមានឯកសារនិងប័ណ្ណចាក់វ៉ាក់សាំងការពារកូវីដ.១៩មានចំនួន៥០នាក់។ហើយក៏មានពលរដ្ឋមកតាមច្រកតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួកទទួលពលករខ្មែរចំនួន០២នាក់ស្រី១នាក់ មានឯកសារប័ណ្ណចាក់វ៉ាក់សាំង។


នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ដែលនោះកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ ក៏បានឃាត់ពលរដ្ឋខ្មែរចំនួន២៥នាក់ផងដែរ ក្នុងនោះមានស្រ្តី១៣នាក់ និងកុមារ១នាក់ ដែលបម្រុងលួចឆ្លងដែនដោយខុសច្បាប់ចេញទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់ ដោយបានបង់លុយឲ្យមេខ្យល់ក្នុងម្នាក់តំលៃ៥០០០ ទៅ៦០០០បាត ប្រមាណជាង៨០ម៉ឺនរៀល។

ការឃាត់ខ្លួននេះធ្វើឡើងត្រង់ចំណុចភូមិសាស្រ្តប៉ុស្តិ៍ភ្នំប្រាក់ ស្ថិតភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការណែនាំ និងចុះកិច្ចសន្យាឲ្យឈប់ធ្វើសកម្មភាពបែបនេះទៀត។


ទាក់ទងនិងករណីនេះ កន្លងមកអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តបានដាក់វិធានការចំពោះកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនត្រូវទប់ស្កាត់ខានតែបានចំពោះពលករខ្មែរដែលលួចឆ្លងដែលចូលមកកម្ពុជា និងពលករខ្មែរដែលលួចឆ្លងចេញទៅប្រទេសថៃតាមរយៈមេខ្យល់ត្រូវទប់ស្កាត់ និងការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ៕

អត្ថបទ៖ប៉ោយប៉ែត

Telegram-Troryorng
Share.