បាត់ដំបង៖ នគរបាលជំនាញឃាត់ខ្លួនមនុស្ស ២នាក់កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយពាក់ព័ន្ធករណីប្រើប្រាស់ដាវសាម៉ារ៉ៃគំរាមយកទូរស័ព្ទដៃស្ត្រីម្នាក់។

សមត្ថកិច្ចផ្នែកជំនាញបានបញ្ជាក់ឲ្យដឹងថា មុខសញ្ញាទាំង ២នាក់ខាងលើឈ្មោះ កាយ គីមព័រ ហៅ ទី ភេទប្រុស អាយុ២៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជេត ណូមុនីវណ្ណ ភេទប្រុស អាយុ៣២ឆ្នាំ ជនសង្ស័យទាំងពីរនាក់រស់នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្រោយការសាកសួរជនដៃដល់បានសារភាពថាពួកគេពិតជាបានយកដំបង និងដាវសាម៉ារ៉ៃ ភ្ជង់យកទូរស័ព្ទពីជនរងគ្រោះពិតប្រាកដមែននៅយប់កើតហេតុ។

នគរបាលបានបន្តថា ក្រោយទទួលបានពាក្យបណ្តឹងពីស្ត្រីជនរងគ្រោះឈ្មោះ កប ស៊ុនណារី អាយុ ២៤ឆ្នាំ មានទីលំនៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ពីសកម្មភាពជនមិនស្គាល់មុខប្លន់យកទូរស័ព្ទដោយគំរាម និងប្រើប្រាស់ ដាវសាម៉ារ៉ៃកាលពីរំលងអាធ្រាតថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រុមទី ១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ភ្លាមនោះកម្លាំងផ្នែកជំនាញក្រុង បានចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យ បានចំនួន ២នាក់នាំខ្លួនមកសាកសួរ។

ជាមួយការបង្ក្រាបឃាត់ខ្លួននេះ សមត្ថកិច្ចរឹបអូសបានទូរស័ព្ទដៃម៉ាក oppo មួយគ្រឿងបានប្រគល់ជូនម្ចាស់ដើមវិញ ជាមួយនិងម៉ូតូម៉ាកហុងដាអ៊ែប្លែក ពណ៍ខ្មៅ មួយគ្រឿងទៀតពាក់ផ្លាកលេខបាត់ដំបង ១- C ៦៧៧៧ ដែលជនសង្ស័យជិះប្រើប្រាស់ជាមធ្យោបាយល្មើស។ ហើយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ មុខសញ្ញាខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួននៅ​និងក៏សាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីតុលាការ៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.