កាល​ពី​ជាង​១០​ឆ្នាំ​ តារា​ចម្រៀង​ សាពូន មីដាដា ធ្លាប់​ជា​តារា​ចម្រៀង​ដែល​និពន្ធ​ចម្រៀង​​ចាក់ដោត​ចំ​បេះដូងអ្នក​គាំទ្រ​​និង​ពេញនិយម​ក្នុង​ស្រទាប់មហាជន​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​កេរ្តិ៍​ឈ្មោះ​របស់​លោក​មិន​ដូច​មុន​ទៀត​ឡើយ​ ហើយ​អ្នក​គាំទ្រ​ស្ទើ​តែ​ភ្លេច​មុខ​របស់​លោក​ព្រោះ​ មិន​ឃើញ​រូប​​លោក​ចេញ​បទ​ចម្រៀង​ថ្មី​និងឡើង​ច្រៀង​លើ​កញ្ចក់​ទូរ​ទស្ស​ន៍​ ដូច​កាល​ពី​មុន​នោះឡើយ​។ យ៉ាង​ណា​មិញ​តារា​ដែល​ធ្លាប់​តែ​រះ​ចិញ្ចែង​ចិញ្ចាច​លើ​មេឃា​សិល្បៈ​រូប​នេះ​បាន​ចេញ​មក​ប្រកាស​ដោយ​ក្ដី​មោទកភាព​ថា​ខ្លួន​មាន​អ្នក​បន្ត​វេន​បម្រើ​សិល្បៈ​ហើយ​ ខណៈ​ដែល​ខ្លួន​លោកពេល​នេះ​បាន​ចូល​និវត្តន៍​ហើយ​។

​​ម្ចាស់​បទ​ «និយមន័យ​​ស្នេហ៍​»​ បាន​ប្រកាស​នៅ​លើ​បណ្ដាញទំនាក់ទំនង​សង្គម​កាល​ពី​យប់​ទី​២២​ ខែមេសា ឆ្នាំ​២០២២​ថា លោក​ចូលនិវត្តន៍​ហើយ​ ហើយ​លោក​ក៏​អាច​ប្រហែល​ជា​ទៅ​បួស​នៅ​ឯពុទ្ធគាយា ជា​ទី​ដែល​ព្រះពុទ្ធ​ត្រាស់​ដឹង​ ស្ថិត​ត្រង់​ចំណុច​ព្រំប្រទល់​ ឥណ្ឌា-នេប៉ាល់​។ ក្រៅ​ពី​និយាយ​ថា​ខ្លួន​ចូល​និវត្ត​ន៍ និង​អាច​ទៅ​បួស​ហើយ​នោះ​ បុរស​កូន​ពីរ​រូប​នេះ​បាន​និយាយ​ដោយ​ក្ដី​រំភើប​ដែរ​ថា​ខ្លួន​ពេល​នេះ​មាន​កូន​ស្រី​ច្បង​ដែល​នឹងត្រូវ​បន្ត​វេន​បម្រើ​សិល្បៈ​ទី៧ របស់​ជាតិ​ហើយ​ ព្រម​ទាំង​ភ្ជាប់​រូប​ថត​ជា​ច្រើន​សន្លឹក​របស់​លោក​ជាមួយ​នឹង​កូន​ស្រី​បណ្ដូល​ចិត្ត​ សាពូន​ តារា​ភិមាន​។

តាម​រយៈ​រូប​ភាព​ដែល​លោក​បាន​បង្ហោះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​កូន​ស្រី​របស់​លោក​ និង​តារា​សម្ដែង សឿ សុធារ៉ា ពិត​ជា​ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​មែន​ ព្រោះ​ក្មេង​ស្រី​តូច​រូប​នេះ​ក្រៅ​ពី​មាន​សម្រស់ស្អាត​កាត់​តាម​អ្នក​ម្ដាយ​ហើយ​នោះ​ ថែម​ទាំង​មាន​ទេពកោសល្យ​និង​ដុង​ផ្នែក​តន្ត្រី​ដូច​ជា​ឪពុក​បេះបិទ​ ព្រោះ​ដៃ​កាន់​ដេញ​ហ្គីតាសែន​ទំនង​ប្រៀប​ដូច​ទៅ​នឹង​តន្ត្រីករ​អាជីព​។

នេះ​គឺជា​ការ​លើក​ឡើង​របស់​លោក​នៅ​លើ​បណ្ដាញទំនាក់ទំនង​សង្គមហ្វេសប៊ុក​ទាំង​ស្រុង៖ «ឪ ចូលនិវត្តន៍ហើយ ប្រហែលជាទៅបួសរហូតនៅឯពុទ្ធគាយា ( កន្លែងព្រះពុទ្ធត្រាស់ដឹង ព្រំប្រទល់ប្រទេស ឥណ្ឌា នេប៉ាល់ ) ឯណោះ កូនស្រីត្រូវបន្តវេនបម្រើសិល្បះទី7របស់ជាតិយើងណាកូនមាសឪពុក ♥️🇰🇭»

អ្នក​គាំទ្រ​ ក៏​ដូច​ជា​មិត្ត​ភក្ដិ​បាន​ចូល​មក​សរសើរ​កូន​ស្រី​របស់​លោក​ថា​ជា​ក្មេង​ឆ្លាត​ ​កាន់​តែ​ធំ​កាន់​ស្អាត ថែម​ទាំង​ពូកែ​ខ្លាំង​មិន​ចាញ់​ម្ដាយ​ឪពុក​នោះ​ឡើយ​៕

Telegram-Troryorng

Share.