បន្ទាយមានជ័យ៖ រយៈពេលបីថ្ងៃ សមត្ថកិច្ចការពារព្រំដែនគោកបានឃាត់ពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនចេញទៅទឹកដីថៃចំនួន139នាក់ ក្នុងភូមិសាស្គ្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ815បានឲ្យដឹងថាដោយតាមណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងនគរបាលការពារព្រំដែនគោកលេខ815 បានសហការជាមួយកម្លាំងពាក់ព័ន្ធបានចេញល្បាតតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រស្រុកម៉ាឡៃ បានឃាត់ពលរដ្ឋខ្មែរដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃតាមរយៈមេខ្យល់ឃាត់ឆ្លងដោយខុសច្បាប់ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី21ដល់23 ខែមេសា ឆ្នាំ២2022 មានចំនួន139នាក់ ក្នុងនោះស្រី56នាក់ និងកុមារ27នាក់។


លោកបានបញ្ជាក់ទៀតថា នៅថ្ងៃទី21 ខែមេសា ឆ្នាំ2022នៅចំណុចអូរព្រំដែនភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ កម្លាំងចម្រុះក៏បានឃាត់ពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃចំនួន៣៣នាក់ ស្រី11នាក់ កុមារ16នាក់។ហើយនៅថ្ងៃទី22 ខែមេសា ឆ្នាំ2022 នៅចំណុចអូរព្រំដែនភូមិបន្ទាយទី1 ឃុំអូរសំព័រ ស្រុកម៉ាឡៃ កម្លាំងចម្រុះបានឃាត់ពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃចំនួន11នាក់ ស្រី6នាក់ និងនៅថ្ងៃទី23 ខែមេសា ឆ្នាំ2022 នៅចំណុចអូរព្រំដែនស្ថិតភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ កម្លាំងចម្រុះឃាត់ពលរដ្ឋខ្មែរចំនួន95នាក់ ស្រី39នាក់និងកុមារ11នាក់។

ការឃាត់ខ្លួនពលរដ្ឋខ្មែរទាំង3ថ្ងៃនេះ សរុបទៅមានចំនួន139នាក់ ត្រូវនាំមកទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ815 តាមសំដីពលរដ្ឋខ្មែរ បានប្រាប់ថាពួកគេ បំណងឆ្លងទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់ ត្រូវចំណាយថ្លៃមេខ្យល់5000បាត ប្រហែលជា60000រៀល ពេលដើរឆ្លងដល់ទឹកដីថៃហើយ នឹងមានរថយន្តមេខ្យល់ថៃមកយក ហើយដឹកទៅដាក់តាមកន្លែងការងារតែម្តង។ បច្ចប្បន្ន ពលរដ្ឋប្រុសស្រីទាំងអស់ត្រូវសមត្ថកិច្ចធ្វើការអប់រំធ្វើកិច្ចសន្យាហើយឲ្យត្រលប់ទៅផ្ទះវិញ។ ចំពោះមេខ្យល់វិញសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនដើម្បីចាត់ការតាមច្បាប់៕

អត្ថបទ៖ប៉ោយប៉ែត

Telegram-Troryorng
Share.