កំពង់ធំ៖​ សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបក្នុងខេត្តកំពង់ធំ ដោយដកហូតកន្រ្តងកាវលៀស ចំនួន ៦គ្រឿង និងសារមងក្នុងកន្លែងអភិរក្សបានប្រវែងជាង១០០០ម៉ែត។

ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល និងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ក្រោមការដឹកនាំពីលោក ងួន រតន: អភិបាលខេត្ត លោកវរសេនីយ៍ឯក យី សំអូន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំកងកម្លាំងចុះអនុវត្តការងាររយ:ពេល១០ថ្ងៃ ដោយចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០ ២២ នៅឃុំផាត់សណ្តាយ និងឃុំពាមបាង។

លោកវរសេនីយ៍ឯក យី សំអូន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ បានបែងចែកកម្លាំងជាពីរក្រុមចេញល្បាតកន្លែងអភិរក្ស ដោយដកហូតកន្រ្តង កាវលៀស ចំនួន៦គ្រឿង ធ្វើកិច្ចសន្យាបញ្ឈប់រកលៀសក្នុងកន្លែងអភិរក្សបន្តទៀត សារមងក្នុងកន្លែងអភិរក្សបានប្រវែងជាង១០០០ម៉ែត។

លោកបានបន្ថែមថា ទន្ទឹមនឹងការអនុវត្តច្បាប់ ក្រុមការងារបានណែនាំនូវមុខរបរថ្មីជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីផ្តល់ចំណូលជាប្រចាំសម្រាប់ការរស់នៅរបស់ពលរដ្ឋតាមរយៈការផ្សារភ្ជាប់រវាងការអភិរក្ស និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ការបង្កើនការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត។

រយៈពេល១០ថ្ងៃក្នុងឃុំផាត់សណ្តាយ និងឃុំពាមបាង, លោក យី សំអូន ក៏បានជួបសមាជិកគណបក្សក្នុងឃុំពាម បាង និងបានស្តាប់បញ្ហាប្រឈមរបស់ពួកគាត់ ហើយក៏ទទួលយកសំណូមពរ និងបានដោះស្រាយជូនពួកគាត់ខ្លះផងដែរ៕

Telegram-Troryorng

Share.