សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ជាពិសេសអ្នកស្នេហាវិស័យកីឡាអេឡិចត្រូនិកកម្ពុជាមេត្តាជ្រាបថា កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានគណនីហ្វេសប៊ុកឈ្មោះ Morn Visal បានធ្វើការបង្ហោះសារនិងរូបភាពមួយចំនួនដែលមានខ្លឹមសារថា៖«បងមានការសោកស្តាយដែលប្អូនៗទទួលបានជ័យលាភីលេខ១ប្រចាំប្រទេសកម្ពុជា ប៉ុន្តែមិនត្រូវបានសហព័ន្ធអញ្ជើញទៅប្រកួតនៅវៀតណាមហើយឃើញយកក្រុមលេខ២ទៅជំនួសវិញ មានសមត្ថភាព តែគ្មានសំណាង។

ការបង្ហោះសារនេះបានធ្វើឲ្យសាធារណមតិមានការយល់ច្រឡំមកលើចំណាត់ការរបស់សហព័ន្ធក្នុងការបញ្ជូនកីឡាករដែលបានព្យាយាមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Road To SEA Games លើកទី៣១ នៅប្រទេសវៀតណាមដោយសហព័ន្ធបានធ្វើការបញ្ជូនក្រុមដែលទទួលចំណាត់ថ្នាក់លេខ២ គឺក្រុម Angkor PUBG ឲ្យទៅប្រកួតនៅប្រទេសវៀតណាមជំនួសក្រុមជ័យលាភីលេខ១ Kill Enemy ទៅវិញ។

ដើម្បីជៀសវាងសាធារណជន ជាពិសេសអ្នកស្នេហាវិស័យកីឡាអេឡិចត្រូនិកកម្ពុជា មានការយល់ច្រឡំតាមការបង្ហោះខាងលើ សហព័ន្ធសូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវខ្លឹមសារដែលបានបង្ហោះដោយគ្មានមូលដ្ឋានត្រឹមត្រូវ និងច្បាស់លាស់ និងសូមធ្វើការគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួត Road to SEA Gamesលើកទី៣១ កន្លងទៅនេះ សហព័ន្ធបានរៀបចំការប្រកួតទាំងបទបញ្ជា បច្ចេកទេស និង លក្ខន្តិកៈនៃការប្រកួតដោយយោងតាមការកំណត់របស់ប្រទេសជាម្ចាស់ផ្ទះ SEA Games លើកទី៣១ គឺប្រទេសវៀតណាម។ ដោយក្នុងនោះលក្ខខណ្ឌចម្បង គឺតម្រូវឲ្យគ្រប់កីឡាករត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលថ្ងៃខែឆ្នាំកំណើត ត្រូវកើតមុនថ្ងៃទី១២ ខែឧសភា ឆ្នាំ២០០៤។

នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ សហព័ន្ធបានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា PUBG Mobileដែលក្រុម Kill Enemy ជាក្រុមទទួលបានជ័យលាភីលេខ១ នឹងត្រូវតំណាងកម្ពុជាទៅចូលរួមប្រកួតនៅប្រទេសវៀតណាម។

ចំពោះដំណើររៀបចំឯកសារបញ្ជូនក្រុមជ័យលាភីលេខ១ ដែលមានសមាជិកចំនួន ៥រូប(៤រូបជាកីឡាករប្រកួត ១រូបជាកីឡាករបម្រុង) មន្ត្រីសហព័ន្ធ បានពិនិត្យឃើញពីភាពមិនប្រក្រតី លើថ្ងៃខែឆ្នាំកំណើតរបស់សមាជិកក្រុម Kill Enemy មួយរូបគឺកីឡាករ ងួន ឡុង ដោយថ្ងៃខែឆ្នាំកំណើតរបស់កីឡាកររូបនេះនៅក្នុងពាក្យស្នើសុំចូលរួមប្រកួត យោងឯកសារសំបុត្របញ្ជាក់កំណើត ខុសគ្នានឹងថ្ងៃខែឆ្នាំកំណើតក្នុងលិខិតឆ្លងដែន។

ម្យ៉ាងទៀតបើយោងតាមថ្ងៃខែឆ្នាំកំណើតនៅក្នុងលិខិតឆ្លងដែន កីឡាករ ងួន ឡុង មិនទាន់គ្រប់អាយុអាចអនុញ្ញាតឲ្យចូលរួមប្រកួតនោះឡើយ។

កត្តានេះហើយទើបធ្វើឲ្យក្រុមទាំងមូលមិនអាចបន្តដំណើរទៅកាន់ SEA Games លើកទី៣១ នៅប្រទេស វៀតណាមបាន ព្រោះយោងតាមលក្ខខណ្ឌនៃការប្រកួត គោលការណ៍ Fair Playគឺពុំអនុញ្ញាតឲ្យធ្វើការដោះដូរ កីឡាករ ឬដាក់កីឡាករជំនួសនោះឡើយ។

ដោយយោងតាមហេតុផលដូចបានជម្រាបជូនខាងលើ និងយោងតាមចំនួនកំណត់របស់គណៈកម្មាធិការ ជាតិរៀបចំការចូលរួមការប្រកួត SEA Games លើកទី៣១ បានអនុញ្ញាតឲ្យសហព័ន្ធបញ្ជូនកីឡាករអេឡិចត្រូ និកកម្ពុជាចំនួន ០៥រូប ទៅចូលរួមការប្រកួត សហព័ន្ធបានបើកការប្រជុំជាមួយគណៈកម្មាធិការប្រត្តិបត្តិ និងបានសម្រេចបញ្ជូនក្រុមកីឡាករជ័យលាភីលេខ២ គឺក្រុម Angkor PUBG ទៅចូលរួមព្រឹត្តិការណ៍ SEA Games លើកទី៣១ នៅប្រទេសវៀតណាមជំនួសវិញ៕

Telegram-Troryorng
Share.