មុន​នេះ​បន្តិច​តារា​សម្ដែង​និង​តារា​ចម្រៀង​ ចន អេឡិចសូរ៉ា បាន​ប្រកាស​ជាសាធារណៈ​ថា​លោក​គឺជា​តារា​ខ្មែរ​ទីមួយ​ហើយ​ ដែលបាន​ឡើង​​និង​ចុះ​ភ្នំឱរ៉ាល់​កម្ពស់​១៨១៣ម៉ែត្រ​ ក្នុង​រយៈ​ពេ​ល​ត្រឹម​តែ​មួយ​ថ្ងៃ​ ប៉ុន្តែ​លោក​ថាប្រសិន​បើ​គ្មាន​មនុស្ស​ម្នាក់​​នេះ​ចាំ​ជួយ​ទេ លោក​ក៏​មិន​អាច​សម្រេច​ភារកិច្ច​នេះ​បាន​ដែរ​។

នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២២នេះ​ តារា​សម្ដែង​ ចន អេឡិច​សូរ៉ា បាន​ចែក​រំលែក​រឿង​ដ៏​រីករាយ​និង​អស្ចារ្យ​មួយនៅ​ក្នុងជីវិត​ខ្លួន​នោះ​គឺ​លោក​បាន​សម្រេច​ភារកិច្ច​ឡើង​និង​ចុះ​ភ្នំ​ឱរ៉ាល់​ក្នុង​រយៈ​ពេល​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ពោល​គឺ​ចាយ​ពេល​អស់​១៣-១៥​ម៉ោង​ ដើរ​ដោយ​ថ្មើជើង​ ក្នុង​រយៈ​ចម្ងាយ​២០​គីឡូម៉ែត្រ​ជាង​។

យ៉ាង​ណា​មិញ​លោក ​អេឡិចសូរ៉ា ក៏​ជម្រាបជូនដែរ​ថា​ប្រសិនបើ​មាន​សិល្បករ​រៀម​ច្បង​ធ្លាប់​បំបែក​កំណត់​ត្រា​នេះ​បាន​អាច​ជម្រាប​មក​កាន់​លោក​វិញ​ ថែម​ទាំង​បបួល​បងប្អូន​សាធារណៈ​ឱ្យ​ឡើង​កំពូល​ភ្នំឱរ៉ាល់​ បំបែក​កំណត់​ត្រា​ចាស់​ចុះ​ភ្នំវិលល្ងាច​របស់​លោក​ទៀត​ផង​។

សម្រាប់​ការ​សម្រេច​បាន​ជោគជ័យ​ដ៏​ធំ​លើក​នេះ ​អេឡិច​សូរ៉ា​ មិន​ភ្លេច​អរគុណ​ដល់​រៀម​ច្បង​ តាន់​ គីមសួរ ដែល​បាន​ចំណាយ​ពេល​កំដរ​និង​បង្ហាញ​ផ្លូវ​លោក​ ទើប​លោកអាច​សម្រេច​បាន​លទ្ធផល​គួរ​ជា​ទីគាប់​ចិត្ត​បែបនេះ។

ប៉ាប៉ា​កូន​មួយ​រូប​នេះ​ក៏​បាន​រំលឹក​ដែរ​ថាប្រសិន​បើ​ខ្លួន​បាន​ហ្វឹកហាត់​វិបស្សនា​និង​សមាធិ​ជាមុន​នោះ​ទេ​ ម្ល៉េះសម​មិន​ដឹង​ថា​លោក​អាច​គ្រប់គ្រង​ចិត្ត​ច្របូកច្របល់​បាន​ឬអត់​នោះ​ទេ​ ព្រោះ​ដំណើរ​ការ​ឡើង​ចុះ​នេះ​ពិត​ជា​មាន​ឧបសគ្គ​ខ្លាំង​ណាស់​ បើ​មិន​មាន​ការ​តាំង​ចិត្ត​ អំណត់​អត់ធ្មត់​ និង​ការ​លើកទឹកចិត្ត​ពី​អ្នក​រួម​ដំណើរ​ ម្ល៉េះសម​លោក​មិន​អាច​សម្រេច​ជោគជ័យ​នេះ​បាន​ឡើយ​។

Telegram-Troryorng
Share.